ភ្នំពេញ៖ នៅយប់ថ្ងៃទី៥ ខែធ្នូនេះ កងទ័ពមួកខៀវកម្ពុជាចំនួន ២កងនាំមុខ បានធ្វើដំណើរចេញទៅបំពេញបេសកកម្មថែរក្សាសន្តិភាពនៅប្រទេសម៉ាលី។
ក្នុងឱកាសជូនដំណើរ អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបានណែនាំឲ្យកម្លាំងទំាងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះបញ្ហាការបង្កៃគ្រាប់មីនកែច្នៃនៅក្នុងតំបន់បេសកកម្ម ក្រោយពីពេលថ្មីៗនេះ មានទ័ពមួកខៀវកម្ពុជាបីរូបបានរបួសដោយសារគ្រាប់មីនបង្កៃទាំងនោះ។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកម្លាំងរក្សាសន្តិភាព ថ្លែងថា កងកម្លាំងមួកខៀវ២កងនាំមុខ ដែលចេញដំណើរប្តូរវេនបញ្ជូនទៅកាន់ប្រទេសម៉ាលីនៅពេលនេះ គឺមានកងកម្ទេចគ្រឿង ផ្ទុះ និងកងវិស្វកម្មព្រលានយន្តហោះ ។
ឯកឧត្ត មបន្តថា នៅក្នុងដំណើរបំពេញបេសកកម្មថែរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅប្រទេសម៉ាលី កងទ័ពមួកខៀវជួបប្រឈមហានីភ័យច្រើន ហើយឯកឧត្តម ស្នើឲ្យកងកម្លាំងបង្កើនប្រុងប្រយ័ត្នស្តាប់បទបញ្ជាអង្គភាព ក្រោយពីកម្ពុជា មានកម្លាំងបីរូបបានជួបគ្រោះថ្នាក់ ដោយបើកបរឡានជាន់មីនកែច្នៃធន់ស្រាលមួយ បង្ករបញ្ហារបួសស្នាមនៅក្នុងតំបន់បេសកកម្ម។
កងកម្លាំងសដែលចេញដំណើរប្តូរវេន បានថ្លែងថា បន្ទាប់ពីកងកម្លាំងកំពុងបំពេញបេសកកម្មនៅប្រទេសម៉ាលី បានជួបហេតុការណ៍បរឡានជាន់គ្រាប់មីនផ្ទុះបង្ករបួសស្នាមនោះមក បានធ្វើឲ្យកងកម្លាំងដែលនឹងចេញដំណើរនៅពេលនេះរឹតតែមានបទពិសោធន៍ ដោះស្រាយបញ្ហាប្រឈម និងបង្កើនការពារខ្លួនឲ្យមានសុវត្ថិភាពនៅក្នុងតំបន់បេសកកម្មរក្សាសន្តិភាព។
សូមបញ្ជាក់ថា នៅពេលបច្ចុប្បន្ន កម្ពុជា មានកម្លាំងមួកខៀវជាង៨០០នាក់ បាននិងកំពុងឈរជើងបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅតាមប្រទេសចំនួន រួមមាន៖ ប្រទេសម៉ាលី ស៊ូដង់ខាងត្បូង លីបង់ និងអាហ្វ្រិកកណ្តាល ក្នុងនោះនៅប្រទេសម៉ាលី មានទ័ពមួកខៀវកម្ពុជា កំពុងឈរជើងមានចំនួនជិត៣០០នាក់៕ អត្ថបទ ស៊ុម សុខជា