ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាទៅក្រសួងពាណិជ្ជកម្ម ឱ្យផ្គត់ផ្គង់ស្បៀងអាហារទៅដល់ប្រជាពលរដ្ឋនៅក្នុងតំបន់បិទខ្ទប់។
ក្នុងសេចក្ដីណែនាំនៅថ្ងៃនេះ ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ទៅក្រសួងពាណិជ្ជកម្មឱ្យសម្របសម្រួលជាបន្ទាន់នូវការផ្គត់ផ្គង់ ការដឹកជញ្ជូន និងការចែកចាយស្បៀងអាហារទៅដល់ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។
សម្ដេចតេជោ ហ៊ុន សែន បានចង្អុលបង្ហាញទៅអាជ្ញាធរផងដែរ ឱ្យចាត់ចែងបញ្ជូនជំនួយសង្គ្រោះបន្ទាន់ ដូចជា អង្ករ មី ត្រីខកំប៉ុង ទឹកត្រី និងទឹកស៊ីអ៊ីវ ជាដើម ផ្ដល់ទៅប្រជាពលរដ្ឋងាយរងគ្រោះ ប្រជាពលរដ្ឋក្រីក្រ និងមានជីវភាពលំបាកនៅក្នុងតំបន់ក្រហម ឬតំបន់មានការឆ្លងរីករាលដាលខ្លាំង។
រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ត្រូវបានដាក់ឱ្យស្ថិតក្រោមវិធានការបិទខ្ទប់បណ្ដោះអាសន្នរយៈពេល ២សប្ដាហ៍ចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី២៨ ខែមេសានេះ ដើម្បីកាត់ផ្ដាច់ការចម្លងមេរោគកូវីដ១៩៕អត្ថបទ ៖ សុធី