អឺរ៉ុប៖ ក្រុមរដ្ឋមន្ត្រីហិរញ្ញវត្ថុសហភាពអឺរ៉ុបបានផ្អាក ការបោះឆ្នោតស្ដីពីការផ្ដល់ប្រាក់កម្ចីចំនួន ១៨ពាន់លានដុល្លារអាមេរិកសម្រាប់អ៊ុយក្រែន ដោយសារតែជម្លោះដែលនៅតែមិនទាន់ដោះស្រាយចេញជាមួយហុងគ្រី។ ទីក្រុង Budapest ប្រឆាំងការទទួលយកបំណុលដើម្បីធានាទីក្រុង Kiev ប៉ុន្តែក្រុមមន្ត្រីសហភាពអឺរ៉ុបបានចោទប្រកានលោកនាយករដ្ឋមន្ត្រី Viktor Orban ពីបទរារាំងការបោះឆ្នោត ដើម្បីដាក់សម្ពាធលើប្លុកនេះក្នុងការបញ្ចេញមូលនិធិ។
ការសម្រេចចិត្តក្នុងការពន្យារពេលបោះឆ្នោតនេះ ត្រូវបានរាយការណ៍ដោយសារព័ត៌មាន Euronews និង Bloomberg ដែលបាននិយាយភ្លាមៗ ក្រោយក្រុមរដ្ឋមន្ត្រីក៏បានព្រមព្រៀងគ្នាផងដែរថា នឹងជំរុញការគាំទ្រឲ្យមានការបោះឆ្នោតលើការបង្កកថវិកាចំនួន ៧.៩ពាន់លានដុល្លារអាមេរិកក្នុងមូលនិធិរបស់សហភាពអឺរ៉ុប ដែលបានបែងចែកទៅឲ្យហុងគ្រី។ លោកនាយករដ្ឋមន្ត្រី Viktor Orban បានជំទាស់កិច្ចព្រមព្រៀងដែលមានទំហំទឹកប្រាក់ ១៨ពាន់លានដុល្លារអាមេរិកចាប់តាំងពីបានប្រកាសកាលពីខែមុន។ ដំណើរនេះនឹងបញ្ជាក់ឲ្យឃើញថា សហភាពអឺរ៉ុបខ្ចីប្រាក់ពីទីផ្សារសកល ចំណែកអ៊ុយក្រែនត្រូវសងចំនួនប្រាក់នោះត្រឡប់ទៅវិញក្នុងរយៈពេលជាង ៣៥ឆ្នាំ ដោយប្លុកអឺរ៉ុបជាអ្នកទទួលរ៉ាប់រងលើការប្រាក់។
លោក Orban បានប្រកាសកាលពីថ្ងៃពុធថា យើងមិនគាំទ្រចំពោះរឿងនេះទេ ព្រោះយើងមិនចង់ឲ្យសហភាពអឺរ៉ុប ក្លាយជាសហគមន៍នៃរដ្ឋជាប់បំណុលគេដោយសារតែជួយគេ។ លោកបានស្នើឡើងថា ប្រទេសជាសមាជិកនីមួយៗ ស្ម័គ្រចិត្តជួយអ៊ុយក្រែន ដោយលើកឡើងថា ហុងគ្រីអាចបម្រុងទុកប្រមាណ ១៦០លានដុល្លារអាមេរិក៕ អត្ថបទ៖ សុខមាន