បាត់ដំបង៖ ប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបងចំនួនជាង ៣ម៉ឺននាក់បានចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២២ គិតចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ ដែលជាចំនួនមួយដ៏ច្រើនលើសផែនការគ្រោងទុក ខណៈប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២១មានចំនួនជាង ៦០ម៉ឺននាក់។
លោក សុខ ហ៊ីង ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តបាត់ដំបងបានថ្លែងឱ្យដឹងថា ប្រជាពលរដ្ឋដែលបានអញ្ជើញមកចុះឈ្មោះបោះឆ្នោតថ្មីមានចំនួន ៣៧ ០៥៣នាក់ ប៉ុន្តែ ក្នុង ផែនការប៉ាន់ស្មានចំនួនប្រជាពលរដ្ឋដែលគ្រប់អាយុអាចមកចុះឈ្មោះបោះឆ្នោតថ្មីមានចំនួន ២៥ ៥៩៨ នាក់ ។
លោក សុខ ហ៊ីង បានបញ្ជាក់ថា ទោះបីជាចំនួនអ្នកចុះឈ្មោះបោះឆ្នោតថ្មីលើសផែនការគ្រោងទុក ប៉ុន្តែនៅមានប្រជាពលរដ្ឋដែលគ្រប់អាយុមិនទាន់បានចុះឈ្មោះបោះឆ្នោតមួយចំនួនទៀត ជាពិសេសប្រជាពលរដ្ឋចំណាកស្រុក។
ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តបាត់ដំបង សំណូមពរដល់ភាគីពាក់ព័ន្ធទាំងអស់ ទាំងអាជ្ញាធរដែនដី កងកម្លាំង គណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល សូមផ្ដល់កិច្ចសហការ និងបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាងដល់បងប្អូនប្រជាពលរដ្ឋបានទៅចុះឈ្មោះបោះឆ្នោត និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។
លោក សុខ ហ៊ីង បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបងទាំងអស់ សូមអញ្ជើញមកពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ឱ្យបានទាន់ពេលវេលា ដើម្បីត្រៀមខ្លួនបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា៕