ស៊ីហ្គេម៖ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣(CAMSOC) នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ បានបើកកិច្ចប្រជុំប្រចាំសប្ដាហ៍របស់ខ្លួនជាមួយគណៈកម្មការជំនាញនានា ក្នុងការត្រៀមលក្ខណៈសម្បត្តិឲ្យបានគ្រប់ជ្រុងជ្រោយ មុនពេល ១០០ថ្ងៃចូលមកដល់នៃដំណើរឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣។
ឯកឧត្តម វ៉ា់ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ CAMSOC មានប្រសាសន៍ថា កិច្ចប្រជុំនេះមានលទ្ធផលល្អប្រសើរ ដោយគណៈកម្មការជំនាញក្រោមឱវាទរបស់ខ្លួន បានជ្រាបច្បាស់អំពីតួនាទី ភារកិច្ចរៀងៗខ្លួន ដើម្បីពន្លឿនផែនការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ឲ្យមានដំណើរការដោយរលូន មុនពេលមកដល់ ១០០ថ្ងៃនាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ខាងមុខដែលនឹងមានការងារថ្មីៗជាច្រើនទៀតត្រូវធ្វើ។ ជុំវិញកិច្ចប្រជុំនេះ ឯកឧត្តមបានសង្កត់ធ្ងន់លើ ២ចំណុចសំខាន់ៗ ទី១. យកចិត្តទុកដាក់លើកិច្ចការរដ្ឋបាល និងការទទួលខុសត្រូវលើធនធានមនុស្ស ដោយត្រៀមប្រមូលផ្តុំធ្វើការនៅមជ្ឈមណ្ឌលប្រតិបត្តិការរួម និងទី២ គឺការត្រួតពិនិត្យឡើងវិញនូវកិច្ចការដែលបានធ្វើ និងអ្វីដែលមិនទាន់បានធ្វើ ហើយអ្វីដែលមិនទាន់បានបំពេញនឹងត្រូវជំរុញឲ្យបំពេញបន្ថែមលើកិច្ចការទាំងនោះឲ្យបានទាន់ពេលវេលា និងឲ្យបានរួចរាល់មុនថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ដែលជាការរាប់ថយក្រោយ ១០០ថ្ងៃនៃដំណើរឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣។
រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលបានគូសបញ្ជាក់ថា សម្រាប់រយៈពេលនៅសល់នេះត្រូវតែមានសក្តានុពលអំពីការត្រៀមលក្ខណៈឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីបញ្ជ្រាបការផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋជាម្ចាស់ផ្ទះ និងបណ្តាប្រទេសនានានៃអាស៊ាន ដែលត្រៀមមកចូលរួមប្រកកួតប្រជែងមេដាយនាស៊ីហ្គេម ២០២៣។ ក្នុងអំឡុងរយៈពេលសល់ ១០០ថ្ងៃ គណៈកម្មាធិការជាតិ CAMSOC នឹងរៀបចំផ្សព្វផ្សាយឲ្យបានខ្លាំងក្លានូវកម្មវិធីសំខាន់ៗទាំងអស់ជាមួយនឹងកម្មវិធីប្រារព្ធពិធី ១០០ថ្ងៃ បូកជាមួយនឹងកិច្ចប្រជុំនាយបេសកកម្មស៊ីហ្គេមនៃ ១១ប្រទេសក្នុងអាស៊ានជាដើម។ គួរបញ្ជាក់ថា ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះនឹងប្រារព្ធពិធីបើកការប្រកួតនាថ្ងៃទី០៥ ខែឧសភា និងបិទនាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ដែលគិតត្រឹមថ្ងៃនេះនៅសល់រយៈពេល ១៤៩ថ្ងៃទៀតប៉ុណ្ណោះ។ បន្ទាប់មកកម្ពុជានឹងបន្ដរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣ បន្ដទៀត៕
អត្ថបទ៖ លី ឈុនឡា