បាល់ទាត់៖ ខ្សែប្រយុទ្ធព័រទុយហ្កាល់ Cristiano Ronaldo ថ្វីបើមានវ័យខិតជិតចូល ៣៨ឆ្នាំក្តីត្រូវបានក្លិបបាល់ទាត់អារ៉ាប៊ីសាអ៊ូឌីត Al-Nassr ហ៊ានដាក់សំណើដែលមានតម្លៃខ្ពស់បំផុតមិនធ្លាប់មាន។
បើតាមសារព័ត៌មានជាច្រើនបានចុះផ្សាយថា Al-Nassr ហ៊ានផ្តល់ប្រាក់ឈ្នួលដល់ទៅប្រមាណជា ២០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ជាមួយនឹងកិច្ចសន្យាបីឆ្នាំក្នុងសំណើរបស់ខ្លួនទៅកាន់អតីតខ្សែប្រយុទ្ធ Manchester United រូបនេះ។ ធ្លាប់ផ្តល់កិច្ចសម្ភាសន៍ពីមុន Ronaldo ធ្លាប់លើកឡើងថា បានបដិសេធសំណើ ៣០៥លានផោនពីក្លិបអារ៉ាប៊ីសាអ៊ូឌីតមួយនេះកាលពីរដូវក្តៅកន្លងទៅ ហើយជាថ្មីម្តងទៀតកីឡាករវ័យ ៣៧ឆ្នាំរូបនេះក៏បានច្រានចោលព័ត៌មានដែលបានចុះផ្សាយព្រោងព្រាតពីអនាគតរបស់ខ្លួន និងច្រានចោលថានេះជាព័ត៌មានមិនពិត ហើយចាត់ទុកជារឿងអត់ប្រយោជន៍។
Cristiano Ronaldo នៅតែរក្សាគោលជំហររបស់ខ្លួនមិនគិតពីអ្វីទាំងអស់ ក្រៅពីផ្តោតអារម្មណ៍ជួយក្រុមជម្រើសជាតិព័រទុយហ្កាល់នៅ World Cup។ យ៉ាងណាក្តីការប្រកួតកាលពីយប់ថ្ងៃអង្គារកន្លងទៅ Cristiano Ronaldo ត្រូវបានគ្រូបង្វឹក Fernando Santos ដាក់ឱ្យបម្រុងក្នុងការប្រកួតដែលព័រទុហ្កាល់យកឈ្នះស្វ៊ីស ៦-១ ឡើងវគ្គ ៨ក្រុមចុងក្រោយ៕
អត្ថបទ៖នាង សុភាវុធ