កណ្ដាល៖ គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្រុងតាខ្មៅ នឹងដើរតួរនាទីយ៉ាងសំខាន់ ក្នុងចូលរួមចំណែកលើបញ្ហាកង្វះទឹកស្អាតនៅរាជធានីភ្នំពេញ និងនៅក្រុងតាខ្មៅ ដើម្បីជួយដល់ប្រជាពលរដ្ឋមានទឹកស្អាតប្រើប្រាស់ ជាពិសេសការឆ្លើយតបទៅនឹងតម្រូវការ នៃការផ្គត់ផ្គង់ទឹកស្អាត ទៅដល់ព្រលានយន្តហោះបង្កើតថ្មី និងប្រជាពលរដ្ឋរស់នៅជុំវិញ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុងការចុះពិនិត្យការដ្ឋានគម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ក្រុងតាខ្មៅ រវាងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PPWSA) និងក្រុមហ៊ុន KKKCT Consortium នៅថ្ងៃទី ៦ ខែ ធ្នូ ឆ្នាំ ២០២២ នេះថា រាជរដ្ឋាភិបាលជប៉ុន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអិវឌ្ឍន៍នៅកម្ពុជា ជាពិសេសនៅក្នុងវិស័យទឹកស្អាត ដើម្បីធានានិរន្តភាព ក្នុងការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព សុវត្ថិភាព និរន្តរភាព និងតម្លៃសមរម្យ។ ជាក់ស្តែងតាមរយៈគម្រោងដែលកំពុងសាងសង់នេះ បន្ទាប់ពីសាងសង់រួច គម្រោងផ្គត់ផ្គង់ទឹកស្អាតក្រុងតាខ្មៅ នឹងចូលរួមចំណែកដល់បញ្ហាកង្វះទឹកស្អាតនៅរាជធានីភ្នំពេញ និងនៅក្រុងតាខ្មៅ ជាពិសេសគម្រោងនេះនឹងអាចឆ្លើយតប ទៅលើតម្រូវការផ្គត់ផ្គង់ទឹកស្អាត ទៅដល់ព្រលានយន្តហោះដែលកំពុងសាងសង់ និងការចែកចាយទៅដល់ប្រជាពលរដ្ឋនៅជុំវិញព្រលានយន្តនោះផងដែរ ដើម្បីឲ្យប្រជាពលរដ្ឋទាំងនោះទទួលបានទឹកស្អាតប្រើប្រាស់។
ស្ថិតក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានអំពាវនាវដល់អាជ្ញាធរដែនដី និងអង្គភាពពាក់ព័ន្ធ យកចិត្តទុកដាក់ការពារប្រភពទឹក ការពារសុវត្ថិភាពអាងប្រព្រឹត្តិកម្ម និងថែរក្សាប្រព័ន្ធបណ្តាញទុយោក្រោមដីជាដើម ប្រសិនបើមានបញ្ហាកើតឡើង នឹងធ្វើឲ្យមានផលប៉ះពាល់ដល់ការផ្គត់ផ្គង់ទឹក រាប់ម៉ឺនគ្រួសារ ទាំងខេត្តកណ្តាល ក៏ដូចជារាជធានីភ្នំពេញ ជាពិសេសប៉ះពាល់ដល់អាកាសយានដ្ឋាន ក្នុងទឹកដីខេត្តកណ្តាលនេះ។

ឯកឧត្តម MIKAMI MASAHIRO ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានសម្តែងនូវការពេញចិត្ត ចំពោះការបំពេញបេសកកម្មកាទូតនៅកម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការដ៏ល្អពីគ្រប់ភាគីពាក់ព័ន្ធ។ ឯកឧត្តមឯកអគ្គរាជទូតបានឲ្យតម្លៃខ្ពស់ ចំពោះសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើននៅកម្ពុជា, ជាក់ស្តែងសមិទ្ធផលនាថ្ងៃនេះ ជាមោទនភាព និងមានសារៈសំខាន់ណាស់ សម្រាប់ចូលរួមចំណែកនូវគោលនយោបាយអភិវឌ្ឍវិស័យទឹកស្អាតរបស់កម្ពុជា។
សូមបញ្ជាក់ថា ការអភិវឌ្ឍន៍គម្រោងទឹកស្អាតនៅក្រុងតាខ្មៅ គឺស្ថិតនៅក្រោមជំនួយឥតសំណងរាជរដ្ឋាភិបាលជប៉ុន ប្រមាណជាង ២០លានដុល្លារអាមេរិក តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ដោយគ្រោងនេះដំណើរសាងសង់រយៈពីរឆ្នាំ ចាប់ផ្តើមដំណើរការសាងសង់នៅខែមិថុនា ឆ្នាំ ២០២២ និងបញ្ចប់ការសាងសង់នៅខែ ធ្នូ ឆ្នាំ ២០២៤ មានសមត្ថភាពផលិត ៣ ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ, ស្ថានីយបូមទឹកឆៅជាង ៣ ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ, បំពង់មេនាំទឹកឆៅ, អាងស្តុកទឹកស្អាត, ម៉ូទ័របូមទឹកស្អាតចែកចាយជាដើម។ ដែលគម្រោងនេះដែរ ក៏ជាប្រភេទគម្រោង Special Purpose Company ស្ថិតក្រោមការថែទាំលក្ខណៈបច្ចេកទេស និងគុណភាពទឹក ក្នុងរយៈពេល ១០ឆ្នាំរបស់ជប៉ុន នឹងលក់ជាវដុំជូនរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្នុងតម្លៃតូចជាង ឬមិនឱ្យលើសពី ៥០០រៀលក្នុងមួយម៉ែត្រគូប៕ អត្ថបទ៖ សុន រ៉ាឌី




