ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍ បានអញ្ជើញ ជាអធិបតីភាព បើកកិច្ចប្រជុំប្រកាសសេចក្តីសម្រេច ស្តីពី ការបង្កើតក្រុមការងារស្នូលជួយក្រុមការងារបច្ចេកទេសអន្តរក្រសួងតាក់តែងគោលនយោបាយលុបបំបាត់ជំងឺអេដស៍ នៅឆ្នាំ២០២៥ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨, នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២នេះ។
ក្រុមការងារស្នូលជួយក្រុមការងារបច្ចេកទេសអន្តរក្រសួងតាក់តែងគោលនយោបាយលុបបំបាត់ជំងឺអេដស៍នៅឆ្នាំ២០២៥ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ ត្រូវបានបង្កើតឡើងតាមរយៈសេចក្តីសម្រេចលេខ ៤៣១ អ.ជ.ប.ជ.អ ចុះថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ ដែលមានសមាសភាពពីក្រសួងសុខាភិបាល និងអង្គការដៃគូ។
ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី បានផ្តល់អនុសាសន៍ណែនាំ ជាគន្លឹះមួយចំនួនដូចជា៖ កំណត់និយមន័យនៃពាក្យ ”បញ្ចប់អេដស៍”, កំណត់និយមន័យនៃពាក្យ ”ចីរភាពនៃកម្មវិធីអេដស៍”, ក្រុមស្នូលគួរលើកជាសេចក្តីព្រាង ឬក៏ចំណុចគោលគន្លឹះជូនក្រុមការងារអន្តរក្រសួង, ត្រូវឈរលើមូលដ្ឋានសសរស្តម្ភបី៖ ភាពជាអ្នកដឹកនាំ និងភាពជាម្ចាស់ ភាពជាដៃគូ និងការវិនិយោគ។
ក្រសួង ស្ថាប័ន ដឹកនាំទំនាក់ទំនង សម្របសម្រួល និងក្រសួង ស្ថាប័នអនុវត្តសកម្មភាព (បង្ការ ថែទាំ ព្យាបាល គាំពារ) ដោយផ្តោតសំខាន់លើការងារបង្ការ និង,ពិនិត្យលើលទ្ធភាពផ្តល់ការពារសង្គមដល់ក្រុមប្រជាជនទទួលបានប័ណ្ណសមធម៌ និងជំរុញការធ្វើតេស្តរកមេរោគអេដស៍ និងការរៀបចំគោលនយោបាយជាតិលុបបំបាត់អេដស៍ឆ្នាំ២០២៥ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ ត្រូវបញ្ចប់ជាផ្លូវការឱ្យបានមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧៕ អត្ថបទ រដ្ឋា