ភ្នំពេញ៖ ក្នុងពេលដែលដំណើរការចុឈ្មោះបោះឆ្នោតឆ្នាំ២០២២ នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៨ ខែធ្នូនេះ ប្រជាពលរដ្ឋរស់នៅរាជធានី បានបន្តនាំគ្នាទៅចុះឈ្មោះបោះឆ្នោតតាមការិយាល័យក្នុងសង្កាត់របស់ខ្លួនជាបន្តបន្ទាប់។ ក្នុងពេលទៅចុះឈ្មោះបោះឆ្នោត ពលរដ្ឋ បានលើកឡើងថា ការចុះឈ្មោះបោះឆ្នោត ទទួលបានការទទួលស្វាគមន៍ និងបង្កភាពងាយស្រួលដោយមិនចំណាយពេលវេលាយូរឡើយ។
ប្រជាពលរដ្ឋ បន្តថា ការចុះឈ្មោះបោះឆ្នោតនេះមានសារៈសំខាន់ ដើម្បីបំពេញតួនាទីជាប្រជាពលរដ្ឋល្អ និងត្រៀមចូលរួមការបោះឆ្នោតសកល នៅឆ្នាំ២០២៣។
ជាមួយគ្នានេះ ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប ) បានឲ្យដឹងថា គិតចាប់ពីថ្ងៃទី២០ ខែតុលា មកដល់ពេលនេះ ដំណើរការចុះឈ្មោះបោះឆ្នោតមានរយៈពេល៤៨ថ្ងៃហើយ និងមានប្រជាពលរដ្ឋអញ្ជើញចូលរួមជាង ៥៦ម៉ឺននាក់ ដែលចំនួននេះកើនឡើងហួសពីការប៉ាន់ស្មានរបស់ គ.ជ.ប។
ឯកឧត្តម បានអំពាវនាវដល់ប្រជាពលដ្ឋអញ្ជើញរួសរាន់ចុះឈ្មោះបោះឆ្នោត កុំបីខាន ដើម្បីឲ្យដំណើរការរៀបចំបញ្ជីឈ្មោះបោះឆ្នោតទទួលបានកំណើនចូលរួមរបស់ប្រជាពលរដ្ឋកាន់តែច្រើន ជាពិសេសចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។
ការចុះឈ្មោះបោះឆ្នោតមានរយៈពេល ៥០ថ្ងៃ ចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ ដោយបន្ទាប់ពីបញ្ចប់ការចុះឈ្មោះបោះឆ្នោត គ.ជ.ប នឹងចាប់ផ្តើមនីតិវិធីប្រមូលព័ត៌មាន ដើម្បីផ្ទៀងផ្ទាត់នឹងឈានទៅរកការបូកសរុប និងបិទផ្សាយបញ្ជីបោះឆ្នោតដំបូង នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣៕អត្ថបទ សេក ឧត្តម