កំពង់ឆ្នាំង៖ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពង់ឆ្នាំងណា ដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរអស់សុពលភាព សល់រយៈពេល៩០ថ្ងៃ ត្រូវយកអត្តសញ្ញាណប័ណ្ណនោះទៅឲ្យមន្ត្រីនគរបាលធ្វើអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ពិនិត្យនៅស្នងការ។ បើមន្ត្រីនគរបាលពិនិត្យឃើញសុពលភាពនៅសល់រយៈពេល៩០ថ្ងៃ អាចធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មីជូនបានហើយ។
លោកឧត្តមសេនីយ៍ទោ ខូវ លី បានអោយដឹងថា ចំណែកអត្តសញ្ញាណប័ណ្ណបាត់ ខូច ត្រូវទៅដាក់ពាក្យសុំបញ្ជាក់ពីការបាត់ ខូច នៅប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលខ្លួនរស់នៅ។ នៅពេលមន្ត្រីបញ្ជាក់រួចរាល់ហើយ អាចយកមកធ្វើថ្មីនៅស្នងការដ្ឋាននគរបាលខេត្តបានហើយ។ ចំពោះយុវជន និងយុវនារីណា មានអាយុចាប់ពី១៨ឆ្នាំឡើងត្រូវយកឯកសារមកបំពេញបែបបទធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មីនៅស្នងការនគរបាលខេត្ត និងអធិការដ្ឋាននគរបាលក្រុងស្រុក ឬស្នាក់ការធ្វើសំណុំឯកសារនៅតាមមូលដ្ឋានដែលមានមន្ត្រីនគរបាលអត្តសញ្ញាណកម្មកំពុងធ្វើជូនបងប្អូននៅតាមមូលដ្ឋានទាំង២៣ទីតាំងក្នុងខេត្តកំពង់ឆ្នាំងក៏បាន ដើម្បីយកទៅចុះឈ្មោះបោះឆ្នោតជាតិនា ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។ ចំណែកអ្នកមិនទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សូមសាមីខ្លួន ធ្វើការទំនាក់ទំនងមកខាងឃុំសង្កាត់ទាំង៧១ក្នុងខេត្ត។ ក្នុងនោះ ត្រូវយកឯកសារមកធ្វើអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរថ្មី រួមមានសៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណហ្វូតូ សំបុត្រកំណើត និងសំបុត្របញ្ជាក់ អាពាហ៍ពិពាហ៍ ជាដើម។
លោកឧត្តមសេនីយ៍ទោបានបន្តថា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីនេះ មានសារប្រយោជន៍ណាស់ ចំពោះប្រជាពលរដ្ឋនៅទូទាំងខេត្តកំពង់ឆ្នាំង ដើម្បីយកទៅប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ធ្វើជាឯកសារផ្សេងៗពិសេសចូលរួមការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣ខាងមុខនេះ។ លោកឧត្តមសេនីយ៍ទោ ខូវ លី បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរផុតសុពលភាព ឬមុនផុតសុពលភាពរយៈពេល៩០ថ្ងៃ , បាត់ ឬខូចអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងអ្នកដែលគ្រប់អាយុ១៨ឆ្នាំឡើង ត្រូវរូតរះទៅធ្វើឲ្យបានឆាប់មុនថ្ងៃបោះឆ្នោតជាតិនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខចូលមកដល់។ ប្រជាពលរដ្ឋណាមានបញ្ហារឿងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សូមទំនាក់ទំនងជាមួយអាជ្ញាធរពាក់ព័ន្ធ ដែលនៅជិតបំផុតដើម្បីមកបំពេញបែបបទធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មី ៕ អត្ថបទ៖ ហុង វាស្នា






