កំពង់ឆ្នាំង ៖ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងជំរុញអោយយកចិត្តទុកដាក់លើតម្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដោយមិនត្រូវទុកកិច្ចការងារទាំងនោះចោលឡើយ។ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងអាណត្តិទី៣ នាថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២នេះ មានការអញ្ជើញចូលរួមឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង និងលោក យិន សាវ៉េន អភិបាលរងខេត្ត ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត មាតាបិតាសិស្ស សិស្សានុសិស្ស អាជ្ញាធរ និងប្រជាពលរដ្ឋក្នុងក្រុងកំពង់ឆ្នាំង ជាច្រើននាក់ផងដែរ។
វេទិកានេះ មានគោលបំណងដើម្បីផ្តល់ឱកាសជូនដល់បងប្អូនប្រជាពលរដ្ឋ អ្នកពាក់ព័ន្ធទាំងអស់ ដែលបានមកពីក្រុងកំពង់ឆ្នាំង បានស្វែងយល់ពីស្ថានភាពទូទៅនៃការអភិវឌ្ឍខេត្ត ក្រុងសង្កាត់ និងបញ្ហាប្រឈម ដែល កើតមានកន្លងមក ហើយវេទិកានេះ នឹងផ្តល់ឱកាសក្នុងការបញ្ចេញមតិយោបល់របស់ប្រជាពលរដ្ឋពាក់ព័ន្ធនិង កង្វល់សំណូមពរ តម្រូវការ ជាក់ស្តែងក្នុងមូលដ្ឋានរបស់ខ្លួន។
ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តបានអោយបញ្ជាក់ថា គោលបំណងសំខាន់ៗក្នុងការផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋ អំពីសមិទ្ធផលដែលក្រុមប្រឹក្សាសម្រេចបានកន្លងមក បញ្ហាប្រឈម និងអំពីបញ្ហាអាទិភាពនៃការ អភិវឌ្ឍរបស់ក្រុមប្រឹក្សា សម្រាប់ឆ្នាំបន្ទាប់ និងផ្តល់ឱកាសជូនប្រជាពលរដ្ឋ ក្នុងការផ្តល់យោបល់ការ ពិភាក្សាលើខ្លឹមសារ និងរបាយការណ៍ ព្រមទាំងទទួលយកនូវអនុសាសន៍ សំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីពិនិត្យពិភាក្សាដោះស្រាយ និងជំរុញឲ្យមានការចូលរួម និងបង្កើនភាពសិ្នទ្ធស្នាល រវាងអ្នកផ្តល់សេវាសាធារណៈឲ្យ កាន់តែមានភាពល្អប្រសើរឡើង។
សមាជិកក្រុមប្រឹក្សាខេត្ត បានអាននូវបទបញ្ជាផ្ទៃក្នុង និងបង្ហាញពីតួនាទីភារកិច្ច សិទ្ធិអំណាច របស់ក្រុមប្រឹក្សា និងទិដ្ឋភាពរួមនៃការអភិវឌ្ឍន៍នៅដែនសមត្ថកិច្ចរបស់ខ្លួន។ ក្នុងសំណួរ សំណូមពរ និងចម្លើយដែលសមាជិកអង្គវេទិកា បានលើកឡើងពីទុក្ខកង្វល់របស់ពួកគាត់នៅតាមមូលដ្ឋាន ដោយផ្តោតទៅលើបញ្ហាអសកម្មមួយចំនួន ដើម្បីបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមបានអរគុណដល់បងប្អូន ដែលបានចំណាយពេលចូលរួមក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាកំពង់ឆ្នាំងអាណត្តិទី៣ ដែលបានធ្វើឲ្យយើងបានយល់កាន់តែច្បាស់រាល់ការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ក៏ដូចអាជ្ញាធរខេត្តក្រុងដឹងពីទុក្ខកង្វល់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋផងដែរ ៕ អត្ថបទ៖ ហុង វាស្នា








