អាមេរិក៖ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin បាននិយាយកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកពុំបានបញ្ឈប់អ៊ុយក្រែនមិនឲ្យអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីអនុវត្តការវាយប្រហាររយៈចម្ងាយឆ្ងាយនោះទេ ហើយសហរដ្ឋអាមេរិកក៏ពុំបានជំរុញទឹកចិត្ត ឬអនុញ្ញាតឲ្យអ៊ុយក្រែនវាយប្រហារក្នុងទឹកដីរុស្ស៊ីនោះដែរ។
លោក Austin ដែលចូលរួមដោយមន្ត្រីអូស្ត្រាលី និងរដ្ឋមន្ត្រីការបរទេសលោក Antony Blinken បាននិយាយថា សហរដ្ឋអាមេរិកបានចំណាយជាង 19ពាន់លានដុល្លារក្នុងការផ្តល់ជំនួយផ្នែកសន្តិសុខដល់អ៊ុយក្រែន និងបានស្នើឱ្យដៃគូចូលរួមក្នុងការផ្តល់ជំនួយយោធាសម្រាប់អ៊ុយក្រែន។ អាកាសយានដ្ឋានទី៣ របស់រុស្ស៊ីបានឆាបឆេះកាលពីថ្ងៃអង្គារក្នុងការវាយប្រហារដោយយានដ្រូន មួយថ្ងៃបន្ទាប់ពីអ៊ុយក្រែនបានបង្ហាញសមត្ថភាពថ្មី ក្នុងការចូលកាន់តែជ្រៅរាប់រយគីឡូម៉ែត្រទៅក្នុងដែនអាកាសរុស្ស៊ី ដោយការវាយប្រហារលើមូលដ្ឋានចំនួនពីរកន្លែង។ ក្រុមមន្ត្រីនៅក្នុងទីក្រុង Kursk របស់រុស្ស៊ីចម្ងាយប្រមាណ 90គីឡូម៉ែត្រភាគខាងជើងព្រំដែនអ៊ុយក្រែន បានបង្ហាញរូបភាពផ្សែងខ្មៅនៅលើអាកាសយានដ្ឋានកាលពីថ្ងៃអង្គារ បន្ទាប់ពីការវាយប្រហារចុងក្រោយបង្អស់លើកទី៣។ អភិបាលក្រុងនិយាយថា អាងស្តុកប្រេងមួយបានឆាបឆេះយ៉ាងសន្ធោសន្ធៅ ប៉ុន្តែពុំមានអ្នកស្លាប់ ឬរងរបួសនោះទេ។
កាលពីថ្ងៃច័ន្ទរុស្ស៊ីបាននិយាយថា ខ្លួនបានរងការវាយប្រហារក្នុងចម្ងាយរាប់រយគីឡូម៉ែត្រពីអ៊ុយក្រែន ជាអ្វីដែលខ្លួននិយាយថាជាយានដ្រូនសម័យសូវៀត នៅមូលដ្ឋានទ័ពអាកាស Engels ជាទីតាំងដាក់យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររបស់រុស្ស៊ី។ អ៊ុយក្រែនពុំបានអះអាងការទទួលខុសត្រូវដោយផ្ទាល់ ចំពោះការវាយប្រហារនេះទេ។ អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Ned Price បាននិយាយថា ពុំមានការបញ្ជាក់ណាមួយថា ការវាយប្រហារត្រូវបានធ្វើឡើងដោយអ៊ុយក្រែននោះទេ៕
អត្ថបទ៖ ប៊ុនថន