ក្រចេះ៖ កម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ កាលពីថ្ងៃទី០៦ ខែធ្នម្សិលមិញ បានដុតកម្ទេចរថយន្តពីរគ្រឿងដឹកឈើខុសច្បាប់ បន្ទាប់ពីធ្វើប្រតិបត្តិការឃាត់ចាប់បានកាលពីខែមុន។
ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ បានឲ្យដឹងថា ដោយ អនុវត្តតាមបទបញ្ជានាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដឹកនាំបញ្ជាដោយឧត្តមសេនីយ៍ទោ សាន ប៊ុនធឿន នាយរងសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកងរាជអាវុធហត្ថ ខេត្តក្រចេះ បានធ្វើការបំផ្ទុះ និងដុតកម្ទេច រថយន្ដសាំយ៉ុងកែច្នៃពីរគ្រឿង ដែលជាមធ្យោបាយដឹកជញ្ជូន បទល្មើសព្រៃឈើផ្ទាល់តែម្តង ។
ឧត្ដមសេនីយ៍ត្រី បានបញ្ជាក់ថា ឡានពីរគ្រឿងនេះ បានដឹកឈើខុសច្បាប់ចេញពីតំបន់ព្រៃឡង់ ក្នុងភូមិសាស្ត្រស្រុកសំបូរ ខេត្តក្រចេះ ឆ្ពោះទៅខេត្តកំពង់ចាម ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម ធ្វើការបង្ក្រាបបាន កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងភូមិសាស្ត្រស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
ឧត្ដមសេនីយ៍ត្រី បានបញ្ជាក់ថា ការបង្ក្រាបលើកនេះ គឺខុសពីមុន ដែលប្រគល់ឈើជូនទៅសមត្ថ កិច្ចជំនាញរក្សាទុក ប៉ុន្តែរថយន្តត្រូវយកទៅកម្ទេចចោលតែម្តង។
បច្ចុប្បន្ន សមត្ថកិច្ច កំពុងបន្តស្រាវជ្រាវ អត្តសញ្ញាណអ្នកប្រព្រឹត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាកាខេត្តបន្តទៀត។
នៅរសៀលថ្ងៃម្សិលមិញដែរ ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក្រចេះ ក៏បានបញ្ជាកម្លាំងអាវុធហត្ថស្រុកសំបូរ និងស្រុកព្រែកប្រសព្វ សហការជាមួយកម្លាំងកងរាជ អាវុធ ហត្ថផ្ទៃប្រទេស ចុះធ្វើការស្រាវជ្រាវ និងទប់ស្កាត់បទល្មើសនៅតំបន់ព្រៃឡង់ ក្រោយពីទទួលបានដំណឹងថា មានក្រុមឈ្មួញធំៗ កំពុងតែធ្វើសកម្មភាពកៀរគរឱ្យមានការកាប់ឈើ និងប្រមូលទិញមកជាឈើស្របច្បាប់ ៕អត្ថបទ៖ សេង ម័រ





