ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានស្នើដល់ប្រតិភូនៃរាជរដ្ឋាភិបាលទាំងអស់ មិនចាំបាច់ជូនដំណើរ និងទៅទទួលសម្តេច ពេលដែលសម្តេចអញ្ជើញទៅ ចូលរួមកិច្ចប្រជុំអាស៊ាន នៅប្រទេសឥណ្ឌូនេស៊ី ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលនូវមេរោគកូវីដ១៩។
យោងតាមសារសំឡេងរបស់សម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឲ្យដឹងថា ការចេញដំណើររបស់សម្តេច នាថ្ងៃទី២៤ ខែមេសា ខាងមុខនេះទៅប្រទេសឥណ្ដូនេស៊ី ដើម្បីទៅចូលរួមកិច្ចប្រជុំអាស៊ានពេលនេះ គឺមិនចាំបាច់ជូនដំណើរ ហើយពេលដែលសម្តេចវិលត្រឡប់មកវិញក៏មិនចាំបាច់ទៅទទួលផងដែរ ខណៈដែលប្រទេសកម្ពុជាយើង ជាពិសេសនៅក្នុងរាជធានីភ្នំពេញនេះតែម្តង បានកំពុងតែធ្វើការបិទខ្ទប់ដើម្បើទប់ស្កាត់ និងបង្ការនៃការរីករាលដាលនូវមេរោគកូវីដ១៩នោះ។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន អមដោយគណៈប្រតិភូជាន់ខ្ពស់របស់រាជរដ្ឋាភិបាលមួយចំនួនទៀត នៅព្រឹកថ្ងៃទី២៤ ខែមេសា ២០២១ខាងមុខនេះ នឹងចេញដំណើរទៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ដើម្បីចូលរួមកិច្ចប្រជុំអាស៊ាន។ បើតាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានបញ្ជាក់កាលពីកន្លងទៅថា មុនពេលសម្តេចចេញដំណើរទៅសម្តេច ត្រូវយកសំណាកពិនិត្យដើម្បីទទួលលិខិតបញ្ជាក់សម្រាប់អោយអាជ្ញាធរសុខាភិបាលឥណ្ឌូណេស៊ី ហើយពេលពេលសម្តេចទៅដល់ត្រូវយកសំណាកពិនិត្យម្តងទៀត ខណៈពេលរសៀលការប្រជុំចាប់ផ្តើម ពេលចប់មិនថាថ្ងៃ ឬយប់សម្តេចត្រូវត្រឡប់មកវិញ ហើយពេលមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ សម្តេចត្រូវយកសំណាកពិនិត្យម្តងទៀតផងដែរ។ មកដល់ផ្ទះសម្តេចត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃជាមួយនឹងការពិនិត្យសំណាក២ទៅ៣ដងទៀត។
សម្តេច បានបន្ថែមទៀតថា«ដើម្បីធានាសុវត្ថិភាពសម្រាប់ភរិយា កូន និងចៅ សម្តេចត្រូវអោយភរិយា នាំកូន និងចៅទៅសម្រាកនៅទីកន្លែងផ្សេង។ ដោយឡែកសមាជិកប្រតិភូដែលធ្វើដំណើរជាមួយសម្តេច ត្រូវយកសំណាក និងធ្វើចត្តាឡីស័ក១៤ថ្ងៃដូចគ្នា ជាមួយនឹងសម្តេចយ៉ាងដូច្នេះដែរ។
សូមរំលឹកផងដែរថា ដោយភារកិច្ចខានមិនបានក្នុងការចូលរួមប្រជុំអាស៊ាននាថ្ងៃទី២៤ មេសា ២០២១នេះ នៅរដ្ឋធានីហ្សាកាតាប្រទេសឥណ្ឌូណេស៊ីនោះ សម្តេចតេជោ ត្រូវបានប្តូរថ្ងៃចាក់វ៉ាក់សាំងដូសទី២នៅថ្ងៃទី២០ មេសានេះ ដែលមុននោះគ្រោងចាក់នៅថ្ងៃទី២៩ មេសា ២០២១។
នៅថ្ងៃទី២០ ខែមេសានេះ សម្តេចតេជោ ត្រូវចាក់វ៉ាក់សាំងដូសទី២ បានរួចជាស្ថាពរហើយ ប៉ុន្តែការចាក់របស់សម្តេចគឺមិនបានចាក់នៅមន្ទីរពេទ្យទេ គឺចាក់នៅគេហដ្ឋានជាមួយភរិយា និងកូនស្រីពៅខុសគ្នាតែប្រភេទវ៉ាក់សាំងប៉ុណ្ណោះ។ សម្តចបានបញ្ជាក់ថា សម្តេច និងភរិយារបស់សម្តេចគឺបានទទួលវ៉ាក់សាំង Astra Zeneca រីឯកូនស្រីពៅទទួលដូសទី២នៃវ៉ាក់សាំង Sinovac៕
អត្ថបទ ៖ បាន ចក់



