បាល់ទាត់៖ វីរបុរសបាល់ទាត់ប្រេស៊ីលលោក Pele កំពុងបង្ហាញពីភាពប្រសើរឡើងវិញនៃសុខភាពរបស់ខ្លួន បន្ទាប់ពីបុរសអាយុ ៨២ឆ្នាំរូបនេះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាលពីសប្តាហ៍មុន ដើម្បីវាយតម្លៃឡើងវិញនូវការព្យាបាលរបស់គាត់ចំពោះជំងឺមហារីកពោះវៀន នេះបើយោងតាមរបាយការណ៍វេជ្ជសាស្ត្រចេញផ្សាយកាលពីថ្ងៃអង្គារ។

បុគ្គលិកពេទ្យនៅមន្ទីរពេទ្យ Albert Einstein នៃទីក្រុង Sao Paulo បានប្រាប់អ្នកយកព័ត៌មានថា Pele ក៏កំពុងត្រូវបានព្យាបាលការឆ្លងមេរោគផ្លូវដង្ហើម ស្នាក់នៅក្នុងបន្ទប់មន្ទីរពេទ្យធម្មតាជាមួយនឹងសញ្ញាសំខាន់ៗ និងដឹងខ្លួន។ លោក Pele ធ្លាប់បានវះយកដុំសាច់ចេញពីពោះវៀនធំរបស់គាត់កាលពីខែកញ្ញាឆ្នាំមុន ហើយបានទទួលការថែទាំសុខភាពសម្រាប់ជំងឺនេះជាប្រចាំ។ វេជ្ជបណ្ឌិតបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "អ្នកជំងឺនៅតែបន្តបង្ហាញភាពប្រសើរឡើងជាលំដាប់នៅក្នុងស្ថានភាពទូទៅរបស់គាត់ ជាពិសេសការឆ្លងមេរោគផ្លូវដង្ហើម"។ កាលពីថ្ងៃចន្ទលោក Pele បានប្រើប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីបង្ហាញពីការគាំទ្ររបស់គាត់ចំពោះក្រុមជម្រើសជាតិប្រេស៊ីល ក្នុងការប្រកួត World Cup ក្នុងពេលដែលប្រេស៊ីលយកឈ្នះកូរ៉េ ៤-១ នៅវគ្គ ១៦ក្រុមចុងក្រោយដោយលោកទស្សនាការប្រកួតនេះពីមន្ទីរពេទ្យ។
អំឡុងពេលប្រកួតកីឡាកររបស់ប្រេស៊ីលបានលាតផ្ទាំងបដានៅលើទីលាន ជាមួយនឹងរូបថតបាល់ទាត់ដ៏អស្ចារ្យអំឡុងពេលការឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ១៩៧០ របស់លោក Pele។ អតីតខ្សែប្រយុទ្ធរូបនេះបានលេងឱ្យក្រុមប្រេស៊ីល និងក្លឹប Santos និង New York Cosmos ដោយបានជួយដឹកនាំប្រទេសរបស់គាត់ឱ្យឈ្នះជើងឯក World Cup ចំនួនបីក្នុងឆ្នាំ១៩៥៨, ១៩៦២ និង ១៩៧០ ដែលជាស្នាដៃគ្មានកីឡាករណាផ្សេងទៀតសម្រេចបានឡើយ៕
អត្ថបទ៖នាង សុភាវុធ