បាល់ទាត់៖ ខ្សែប្រយុទ្ធក្រុមកាំភ្លើងធំ Arsenal, Gabriel Jesus បានទទួលការវះកាត់ជង្គង់ដោយជោគជ័យហើយ តែនឹងមិនអាចត្រលប់មកជួយក្រុមជម្រើសជាតិប្រេស៊ីលនៅ World Cup វិញបានឡើយ។

កីឡាករវ័យ ២៥ឆ្នាំរូបនេះរួមជាមួយមិត្តរួមក្រុម Alex Telles បានទទួលរងរបួសជង្គង់ដូចគ្នា អំឡុងការប្រកួតចុងក្រោយក្នុងពូលដែលប្រេស៊ីលចាញ់កាមេរូន ១-០។ ការប្រកួតកាលពីថ្ងៃសុក្រនោះគឺជាប្រកួតដំបូងដែល Jesus ចាប់ផ្តើម ១១នាក់ដំបូងនៅ World Cup បន្ទាប់ពីពីរប្រកួតដំបូងបានត្រឹមជាកីឡាករបម្រុងដូរចូល។ ជុំវិញរបួសនេះក្លិបកាំភ្លើងធំ Arsenal មិនបានបញ្ជាក់ថា រយៈពេលដែល Gabriel Jesus ត្រូវសម្រាកឡើយ។
Gabriel Jesus រកបានប្រាំគ្រាប់ឱ្យ Arsenal នៅ Premier League រដូវកាលនេះតាំងពីផ្លាស់ពី Manchester City កាលពីដើមរដូវកាល។ ប្រេស៊ីលនឹងត្រូវជួបជាមួយក្រូអាស៊ីវគ្គ ៨ក្រុមចុងក្រោយ World Cup នៅថ្ងៃសុក្រនេះបន្ទាប់ពីយកឈ្នះកូរ៉េ ៤-១ នៅវគ្គ ១៦ក្រុមចុងក្រោយ៕
អត្ថបទ៖នាង សុភាវុធ