ភ្នំពេញ៖ ស្ថាប័នឯកជន រួមទាំងប្រជាពលរដ្ឋជាបន្តបន្ទាប់ បានចូលរួមជាថវិកា គាំទ្រដល់ការងារបោសសំអាតមីន ដើម្បីអាជ្ញាធរមីន អនុវត្តឲ្យបានសម្រេចនូវផែនការកម្ពុជាគ្មានមីន ឆ្នាំ២០២៥ ហើយរំដោះផ្ទៃដីឲ្យមានសុវត្ថិភាព ដែលអាចឲ្យពលរដ្ឋប្រើប្រាស់ ដោយគ្មានការព្រួយបារម្ភបន្តទៀត ។
ក្នុងពិធីទទួលថវិកាពីគណៈមេធាវីកម្ពុជា ចូលរួមក្នុងយុទ្ធនាការបោសសំអាតមីន និងកម្ពុជាគ្មានមីនឆ្នាំ២០២៥ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន មានប្រសាសន៍ថា កម្ពុជានៅមានផ្ទៃដីសេសសល់នូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទៃ ប្រមាណជាង ២ ០០០គីឡូម៉ែត្រក្រឡាទៀត ដែលក្នុងនោះផ្ទៃដីចម្ការមីនមានជាង ៧០០គីឡូម៉ែត្រក្រឡា ហើយពលរដ្ឋជាង ១លាន ១សែនគ្រួសារទៀត កំពុងរស់នៅតាមមូលដ្ឋាន នៅមានហានិភ័យ ពីសំណល់ពីសង្គ្រាមទាំងអស់នោះ ។
ឯកឧត្តមបានបន្តថា ដោយសារបញ្ហានេះហើយ ទើបសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញធ្វើយ៉ាងណា អនុវត្តផែនការកម្ពុជាគ្មានមីនឆ្នាំ២០២៥ ឲ្យទទួលបានជោគជ័យ រួមទាំងបានសម្រេចបង្កើតនូវមូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥ ហើយសម្ដេចបានចូលរួមថវិកាប្រមាណ៣០លានដុល្លារ ដើម្បីធ្វើការងារនេះផងដែរ ។
ឯកឧត្តម លី ធុជ បានថ្លែងអំណរគុណដល់ប្រទេសជាដៃគូ សប្បុរសជននានា ពលរដ្ឋ រួមទាំងគណៈមេធាវីកម្ពុជា ដែលចូលរួមថវិកាអនុវត្តការងារនេះ ហើយឯកឧត្តម បានបញ្ជាក់ថា អាជ្ញាធរមីន នៅតែទទួលការចូលរួមថវិកាបន្តផងដែរ ។
គួរបញ្ជាក់ថា ការអនុវត្តគម្រោងសម្ដេចតេជោសម្រាប់សកម្មភាព ក្នុងដំណាក់កាលទី១ មានអ្នកចូលរួមថវិកាប្រមាណជាង ១៨លានដុល្លារ ចាប់ផ្ដើមអនុវត្តថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ បានបោសសំអាតមីនជាង ៩១គីឡូម៉ែត្រក្រឡា អនុវត្តនៅលើខេត្តមួយចំនួន មានខេត្តត្បូងឃ្មុំ កំពង់ចាម កំពង់ឆ្នាំង តាកែវ ស្វាយរៀង ខេត្តកំពត និងតំបន់ខ្លះនៃខេត្តកំពង់ស្ពឺ ហើយដំណាក់កាលទី១នេះ ហើយនៅចុងឆ្នាំនេះ គ្រោងនឹងប្រកាសខេត្តមួយចំនួនក្នុងចំណោមនេះ ជាខេត្តគ្មានមីនផងដែរ ហើយអាជ្ញាធរមីន នឹងបន្តអនុវត្តគម្រោងនេះ ជាដំណាក់កាលទី២ ក្នុងខេត្តមួយចំនួនទៀតផងដែរ ៕អត្ថបទ ៖ សុខ រិទ្ធ






