
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ បានផ្សព្វផ្សាយឱ្យដឹងថា រថយន្តដែលអាចបើកបរលើផ្លូវល្បឿនលឿន តាមច្បាប់កំណត់ អាចចេញចូលលើផ្លូវល្បឿនលឿនតាមគន្លងអាទិភាព«ANPR» ថ្មី បានលឿនរហ័ស ការពារពីជំងឺកូវីដ-១៩ និងការពារឯកជនភាពបានថែមទៀត នៅអំឡុងបុណ្យសមុទ្ទ។
ក្រសួងបានបញ្ជាក់បន្ថែមថា ដើម្បីចេញចូលលើផ្លូវល្បឿនលឿនតាមគន្លងអាទិភាពនេះបាន ម្ចាស់រថ យន្តគ្រាន់តែបញ្ចូលប្រាក់តាមផ្លាកលេខជាមុន(Plate No. Top-up) ជាការស្រេច ហើយលោកអ្នកមិនចាំបាច់យកកាតចេញចូល មិនចាំបាច់រង់ចាំបង់ប្រាក់នៅច្រកចេញ មិនចាំបាច់ដំឡើងឧបករណ៍បន្ថែមក្នុងរថយន្តនោះឡើយ។
ក្រសួងសាធារណការឱ្យដឹងបន្ថែមថា ដើម្បីចូលរួមអបអរសាទរបុណ្យសមុទ្រ ក្រសួង និងក្រុមហ៊ុនផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ បានដាក់ឱ្យដំណើរការនូវគន្លង ៣ប្រភេទសម្រាប់បងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរចេញ-ចូលផ្លូវល្បឿនលឿនបានតាមគន្លងទាំង ៣នោះ ក្នុងនោះមានដូចជា៖
-គន្លង MTC តម្រូវឱ្យយកកាត និងបង់ប្រាក់នៅច្រកចេញ។ ក្នុងករណីមានចរាចរណ៍មមាញឹក លោកអ្នកអាចប្រឈមនឹងការរង់ចាំយូរនៅច្រកចេញ។
- គន្លង ETC ជាច្រកអាទិភាព មានរបាំងបើកចេញចូលដោយស្វ័យប្រវត្តិ នៅខាងឆ្វេងបង្អស់ដែលមានសញ្ញា ETC។ ដើម្បីប្រើប្រាស់គន្លងនេះបាន លោកអ្នកត្រូវចុះឈ្មោះប្រើប្រាស់បំពាក់ឧបករណ៍ OBU នៅមជ្ឈមណ្ឌល ETC ឬទីតាំងកំណត់ដោយក្រសួង និងបញ្ចូលសមតុល្យតាមផ្លាកលេខមុននឹងប្រើប្រាស់។
-គន្លង ANPR ថ្មី ជាច្រកអាទិភាពក្នុងការចេញចូល ដែលមានលក្ខណៈសាមញ្ញ។
លោកអ្នកគ្រាន់តែបញ្ជូលសមតុល្យតាមផ្លាកលេខជាមុន និងចេញចូលគន្លងដែលមានសញ្ញា ANPR។ ការប្រើប្រាស់គន្លងនេះ មិនតម្រូវឱ្យយកកាត និងប្រើប្រាស់សាច់ប្រាក់ឡើយ ដោយលោកអ្នកគ្រាន់តែបញ្ចូលសមតុល្យទៅក្នុងផ្លាកលេខជាការស្រេច។ បងប្អូនអាចបញ្ចូលសមតុល្យទៅក្នុងផ្លាកលេខសម្គាល់យានយន្តជាមុន តាមកម្មវិធីធនាគារក្នុងទូរសព្ទដៃ(Mobile Banking) នៃគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារដៃគូរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានគ្រឹះស្ថានដៃគូចំនួន៧ ដូចជា ធនាគារជីបម៉ុង(Chip Mong Bank) ធនាគារអេស៊ីលីដា(ACLEDA Bank) ធនាគារវឌ្ឍនៈអាស៊ីចំកាត់(ABA Bank) ធនាគារវីង(Wing Bank) និងធនាគារវឌ្ឍនៈ(VATTANAC Bank) ធនាគារកាណាឌីយ៉ា(Canadia Bank)និងលីហួរវេរលុយ(LyHour PayPro)ជាដើម។ ព័ត៌មានបន្ថែមសូមទាក់ទងលេខ 1399 និង 1275៕ដោយ៖ គង់ ឌិន
