
ភ្នំពេញ៖ គិតត្រឹមរយៈពេល ១១ខែ ឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទ បានចំនួនជាង ៣ ២០០ លានដុល្លារអាមេរិក កើនឡើងជាប់ ១១៤ភាគរយ នៃច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២ ដោយចំនួននេះនឹងកើនឡើងបន្តទៀតក្នុងបំណាច់ឆ្នាំនេះ។
ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ លើកឡើងក្នុងពិធីទទួលដំណើរទស្សនកិច្ចជាផ្លូវការរបស់គណៈប្រតិភូជាន់ខ្ពស់ រដ្ឋបាលសារពើពន្ធនៃសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ នេះថា ចំពោះលទ្ធផលដែលអគ្គនាយកដ្ឋានពន្ធដារសម្រេចបាន គឺកើតចេញតាមរយៈការអនុវត្តនូវកំណែទម្រង់ដ៏មុតស្រួច និងស៊ីជម្រៅ ជាលទ្ធផលក្នុងបេសកកម្មលើការគ្រប់គ្រងប្រមូលចំណូលពន្ធក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ តែងតែសម្រេចបានលើសផែនការច្បាប់បានកំណត់។
ជាក់ស្តែងការប្រមូលចំណូលនៅក្នុងរយៈពេល ១១ខែ ឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទ តាមប្រព័ន្ធគ្រប់គ្រងទិន្ន័យអនឡាញ បានចំនួនជាង ៣ ២០០ លានដុល្លារអាមេរិក កើនឡើងជាប់ ១១៤ភាគរយ នៃច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២ ក្នុងនោះតាមការរំពឹងទុក ការប្រមូលចំណូលពន្ធសម្រាប់ឆ្នាំ ២០២២ អាចនឹងសម្រេចបានក្នុងរង្វង់ ១១៥ភាគរយ ឬលើសពីនេះ ធៀបនឹងផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ទោះបីជាក្នុងបដិការដ៏លំបាកនៃជំងឺកូវីដ-១៩ តែដោយការកំណែទម្រង់ និងទំនើបកម្មរដ្ឋបាលសារពើពន្ធ ព្រមទាំងវិធានការបុរេសកម្មនានា បានជំរុញនិងធានាបាននូវនិរន្តរភាពនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ។
ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ លើកឡើងបន្តថា ចំណែកការប្រមូលចំណូលសម្រាប់ឆ្នាំក្រោយ ដោយសារសេដ្ឋកិច្ចពិភពលោកមានភាពមិនប្រាកដប្រជា គឺនៅប៉ះពាល់ដោយជំងឺកូវីដនៅតែបន្ត និងសង្គ្រាមរុស្សីអ៊ុយ-ក្រែននៅអូសបន្លាយ ធ្វើឲ្យអតិផរណាឡើងខ្ពស់ រួមជាមួយបញ្ហាប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចទូទាំងពិភពលោក ដែលបញ្ហាទាំងអស់នេះ អគ្គនាយកដ្ឋានពន្ធដារមានការព្រួយបារម្ភ ក្នុងការប្រមូលចំណូលផងដែរ តែទោះយ៉ាងណាក្តី ថ្នាក់ដឹកនាំទាំងរាជរដ្ឋាភិបាល ទាំងក្រសយងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្នុងនាំអគ្គនាយកដ្ឋានពន្ធមិនរាថយឡើយ ដើម្បីបំពេញបេសកកម្មប្រមូលចំណូលពន្ធ អនុវត្តភារឲ្យបានល្អ បន្តគាំទ្រចំពោះការអនុវត្តគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី