រុស្ស៊ី៖ លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បាននិយាយថា ការគំរាមនៃសង្គ្រាមនុយក្លេអ៊ែរកំពុងកើនឡើង ប៉ុន្តែរុស្ស៊ីមិនល្ងង់ ហើយក៏នឹងមិនប្រើអាវុធនុយក្លេអ៊ែររបស់ខ្លួនមុនឡើយ។ លោកបានទទូចថា ប្រទេសរបស់លោកនឹងប្រើអាវុធមហាប្រល័យនេះ ឆ្លើយតបទៅនឹងការវាយប្រហារណាមួយមកលើរុស្ស៊ីមុនប៉ុណ្ណោះ។

ថ្លែងនៅឯកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សប្រចាំឆ្នាំរបស់រុស្ស៊ី លោកក៏បាននិយាយផងដែរថា សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនអាចអូសបន្លាយយូរថែមទៀត។ លទ្ធភាពនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់រុស្ស៊ី ស្ថិតក្រោមការតាមដានដែលចេះតែកើនឡើង ចាប់តាំងពីប្រទេសនេះបានវាយលុកចូលអ៊ុយក្រែនកាលពីខែកុម្ភៈ។ លោក Putin បានព្រមាន ខណៈលោកកំពុងនិយាយពីការរំពឹង នៃការផ្ទុះសង្គ្រាមនុយក្លេអ៊ែរតាមវីដេអូចេញពីទីក្រុង Moscow ថា ការគំរាមកំហែងបែបនេះកំពុងរីកកាន់តែធំ វានឹងក្លាយជាកំហុសក្នុងការលាក់បាំងរឿងនេះ។
ប៉ុន្តែលោកបានអះអាងថា រុស្ស៊ីនឹងមិនស្ថិតក្រោមសម្ពាធណាមួយ ដល់ថ្នាក់ប្រើអាវុធប្រទេសនេះមុននោះឡើយ ហើយក៏នឹងមិនគំរាមកំហែងនរណាម្នាក់ដោយឃ្លាំងអាវុធនុយក្លេអ៊ែរបស់ខ្លួននោះដែរ។ លោកបញ្ជាក់ថា យើងមិនល្ងង់ទេ យើងដឹងថាអាវុតនុយក្លេអ៊ែរគឺជាអ្វី ដោយលោកបន្ថែមថា យើងមិនចេះតែហៅអាវុធប្រភេទនេះដូចជាឡាមនោះទេ៕
អត្ថបទ៖ សុខមាន