ម៉ារ៉ាតុង៖ គិតត្រឹមឆ្នាំ២០២២ ទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិនៅអង្គរវត្ត ខេត្តសៀមរាប ដែលរៀបចំដោយក្រសួងទេសចរណ៍ សហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) គឺមានរយៈពេល ២៧ឆ្នាំមកហើយ ដោយព្រឹត្តិការណ៍នេះបានរួមចំណែកយ៉ាងសំខាន់ក្នុងកំណើនទេសចរណ៍ និងសេដ្ឋកិច្ច។
នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បន្ទាប់ពីបុរេព្រឹត្តិការណ៍កីឡា និងទេសចរណ៍នេះត្រូវបានរៀបចំ និងបើកឲ្យមានការចូលរួមដោយសេរីដោយមានអ្នកចូលរួមសរុប ៧,៥៤៣នាក់នៅតំបន់អង្គរកាលពីថ្មីៗកន្លងទៅ។ ឯកឧត្តមបានគូសបញ្ជាក់ថា ទេសចរណ៍ និងកីឡាបានក្លាយជារបត់ថ្មីមួយរបស់ពិភពលោក ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ ហើយរៀងរាល់ឆ្នាំ អង្គការទេសចរណ៍ពិភពលោកបានវាយតម្លៃមានទេសចរណ៍កីឡាប្រមាណ ១២ ទៅ ១៥លាននាក់បានដើរកម្សាន្តគ្រប់ទីកន្លែង ក្នុងនោះកម្ពុជាក៏មានចំណែកពី ១០ ទៅ ១៥ភាគរយនៃចំនួនភ្ញៀវទេសចរណ៍ផងដែរ។
គួរដឹងថា ទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិនៅអង្គរវត្ត បានបង្កើតឡើងដំបូងកាលពីឆ្នាំ១៩៩៦ ដោយមានអ្នកចូលរួមប្រមាណ ៥០០នាក់ប៉ុណ្ណោះ តែដោយមានការជំរុញ និងគាំទ្រពីរាជរដ្ឋាភិបាល ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជារួមជាមួយដៃគូ បានបន្ដរៀបចំព្រឹត្តិការណ៍នេះរហូតដល់ទទួលបានជោគជ័យ ពិសេសមុនផ្ទុះកូវីដ-១៩ ឆ្នាំ២០១៩ ព្រឹត្តិការណ៍នេះបានទាក់ទាញអ្នកចូលរួមរហូតដល់ជាង ១៣,០០០នាក់ឯណោះ។ គោលបំណងសំខាន់ៗនៃព្រឹត្តិការណ៍នេះ ក្រៅពីបំផុសប្រជាពលរដ្ឋលេងកីឡាដើម្បីសុខភាព និងរួមចំណែកវិស័យទេសចរណ៍ ក៏ដូចជាផ្សព្វផ្សាយតំបន់បេតិកភណ្ឌ ប្រាង្គប្រាសាទនៃតំបន់អង្គរ ខេត្តសៀមរាប ក៏ដើម្បីផ្សារភ្ជាប់ជាមួយសកម្មភាពមនុស្សធម៌ ដោយការស្វែងរកមូលនិធិជួយដល់កាកបាទក្រហមកម្ពុជា មន្ទីរពេទ្យគន្ធបុប្ផា និងអង្គការមនុស្សធម៌ជាតិ-អន្ដរជាតិមួយចំនួនទៀត។ ម្យ៉ាងក៏ដើម្បីផ្សព្វផ្សាយពីព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជានាឆ្នាំ២០២៣ ខាងមុខផងដែរ៕
អត្ថបទ៖ លី ឈុនឡា