ចិន៖ បញ្ហាកោះតៃវ៉ាន់នឹងនៅតែជាចំណុចខ្ទាស់នៃទំនាក់ទំនងរវាងប្រទេសចិន និងសហរដ្ឋអាមេរិកក្នុងឆ្នាំ២០២៣ ខាងមុខ។ ដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់កាលពីខែសីហា បានរុញដោលការគំរាមកំហែងខាងយោធាហក់ឡើងដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។
ចិនយល់ឃើញថា វាជាការគាំទ្ររបស់អាមេរិកឲ្យកោះតៃវ៉ាន់ប្រកាសឯករាជ្យ និងបានបង្កើតល្បែងសង្គ្រាមជិតកោះនេះ រួមទាំងការបាញ់មីស៊ីលជាច្រើនគ្រាប់រំលងទីក្រុងតៃប៉ិជាលើកដំបូងមិនធ្លាប់មាន។ កោះតៃវ៉ាន់ដែលទីក្រុងប៉េកាំង អះអាងថាជាដែនអធិបតេយ្យភាពរបស់ខ្លួន និយាយថា កោះនេះនឹងការពារខ្លួន ប្រសិនបើមានការវាយប្រហារណាមួយពីចិន។ ក្នុងករណីមានសង្គ្រាមណាមួយផ្ទុះឡើងលើកោះតៃវ៉ាន់ ដែនដីផលិតបន្ទះឈីបកុំព្យូទ័រពាក់កណ្ដាលចម្លងដ៏សំខាន់មួយនេះនឹងធ្វើឲ្យរង្គោះរង្គើដល់សេដ្ឋកិច្ចសកល ហើយនឹងទាញសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនចូលក្នុងការប្រឈមដោយផ្ទាល់ជាមួយប្រទេសចិន។
ចិនមើលឃើញកោះតៃវ៉ាន់ថា ជាបញ្ហាដ៏សំខាន់ និងរំជើបរំជួលបំផុតក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយអាមេរិក ជាសារមួយរបស់លោកប្រធានាធិបតីចិន Xi Jinping ដែលបានបញ្ជាក់ជាថ្មីទៅកាន់ប្រធានាធិបតីអាមេរិកលោក Joe Biden នៅពេលដែលមេដឹកនាំទាំង២ បានជួបគ្នាកាលពីខែវិច្ឆិកានៅកោះបាលីប្រទេសឥណ្ឌូនេស៊ី៕
អត្ថបទ៖ សុខមាន