បាល់ទាត់៖ ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស នឹងត្រូវប្រឈមជាមួយក្រុមការពារតំណែងជើងឯកពិភពលោកបារាំងនៅវគ្គ ៨ក្រុមចុងក្រោយនៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។ ការប្រកួតនៅថ្ងៃសៅរ៍នេះនឹងជាជំនួបដំបូងរវាងក្រុមទាំងពីរ នៅលើព្រឹត្តិការណ៍បាល់ទាត់ធំៗ។

ខ្សែប្រយុទ្ធបារាំងវ័យ ២៣ឆ្នាំ Kylian Mbappe គឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅ World Cup ឆ្នាំនេះមានសរុប ៥គ្រាប់ពីការប្រកួត ៤លើកកន្លងមក។ មុនជួបគ្នាខ្សែការពារ Manchester City, Kyle Walker បាននិយាយក្នុងសន្និសីទសារព័ត៌មានថា គ្រប់គ្នាសុទ្ធតែដឹងពីសមត្ថភាពរបស់ Mbappe ជាកីឡាករដែលមានទេពកោស្យ ដូច្នេះវាមិនមែនជារឿងងាយស្រួលទេសំរាប់ខ្សែការពារអង់គ្លេស តែអង់គ្លេសក៏មិនក្រាលកម្រាលព្រំឱ្យស៊ុតចូលទីងាយៗឡើយ។
សូមបញ្ជាក់ថា Kyle Walker និង Kylian Mbappe ស្ថិតក្នុងតួនាទីដែលត្រូវប្រឈមគ្នារវាងប្រយុទ្ធ និងការពារ ជាក់ស្តែងអ្នកទាំងពីរបានប្រឈមគ្នានៅ UEFA Champions League ពីររដូវកាលមកហើយនៅពេល Manchester City ជួប Paris Saint Germain។ Man City ឈ្នះ ៣ ចាញ់ ១ ក្នុងការប្រកួតទល់នឹង PSG ដែលមានវត្តមានកីឡាករទាំងពីរ។ រំលឹកថា មុនមកដល់វគ្គនេះអង់គ្លេសបានយកឈ្នះសេណេហ្កាល់ ៣-០ នៅវគ្គ ១៦ក្រុម ខណៈបារាំងយកឈ្នះប៉ូឡូញ ៣-១៕
អត្ថបទ៖នាង សុភាវុធ