ប្រដាល់សកល៖ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជានឹងបញ្ជូនកីឡាករជម្រើសជាតិ ៨រូបទៅបោះជំរំហ្វឹកហាត់នៅប្រទេសកាហ្សាក់ស្ថានរយៈពេល ២សប្ដាហ៍ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ ខាងមុខ ដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេសត្រៀមការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។
កីឡាករជម្រើសជាតិប្រដាល់សកលកម្ពុជា ដែលត្រៀមចេញបោះជំរំហ្វឹកហាត់ក្រៅស្រុកនេះរួមមានកីឡាករ នៅ សុខទី, សៅ រង្សី, ទូច ដេវីត, វ៉ែន រដ្ឋា, ពេញ វណ្ណថង, អាន់វ៉ា ណាស្រេឌីនូវ, អុង ភារាក់ និងកីឡាករ រ៉ាចាពៅ អាប់ឌុលឡា ។ លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធបានឲ្យដឹងថា ការបោះជំរំនេះគឺជាឱកាសមួយដ៏សំខាន់បន្ថែមលើការប្រមូលផ្ដុំហ្វឹកហាត់ និងការប្រកួតនាពេលកន្លងមក សម្រាប់កីឡាករធ្វើការពង្រឹងសមត្ថភាព បច្ចេកទេស ឆ្ពោះទៅរកគុណផលកម្រិតខ្ពស់ សម្រាប់ត្រៀមប្រកួតប្រជែងដណ្ដើមមេដាយជូនជាតិ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣។
លោកថា កំឡុងពេលហ្វឹកហាត់ ក្រុមជម្រើសជាតិកម្ពុជាក៏នឹងប្រកួតដកស្រង់បច្ចេកទេសជាមួយជម្រើសជាតិគុយបា កាហ្សាក់ស្ថាន ក៏ដូចជាជើងខ្លាំងមួយចំនួនទៀតមកពីជុំវិញពិភពលោកទៀតផង។ លើសពីនេះ សហព័ន្ធក៏មានគម្រោងបញ្ជូនក្រុមជម្រើសជាតិប្រដាល់សកលកម្ពុជា ចូលរួមបោះជំរំហ្វឹកហាត់ និងការប្រកួតអន្ដរជាតិផ្សេងៗទៀត មុនឈានដល់ការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលជាគោលដៅដ៏សំខាន់បំផុតរបស់សហព័ន្ធ សម្រាប់ផែនការឆ្នាំ២០២៣ ផងដែរ ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក ប៊ុយ សុភ័ណ្ឌ៕
អត្ថបទ៖ លី ឈុនឡា