អាល្លឺម៉ង់៖ ប្រទេសអាល្លឺម៉ង់បានចាប់ខ្លួនមនុស្សចំនួន ២៥នាក់ពីបទសង្ស័យថាបានរៀបចំផែនការផ្តួលរំលំរដ្ឋាភិបាល និងដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារស្តាំនិយមជ្រុល។ រដ្ឋអាជ្ញាបាននិយាយថា ក្រុមនេះត្រូវបានបំផុសគំនិតដោយទ្រឹស្តីឃុបឃិតរដ្ឋដ៏ជ្រៅ។

ជនសង្ស័យម្នាក់ដែលចាត់ទុកខ្លួនឯងថា ព្រះអង្គម្ចាស់ Heinrich មកពីអតីតរាជវាំង Reuss ត្រូវបានគេមើលឃើញថា ជាមេដឹកនាំដែលត្រូវបានរៀបចំសម្រាប់រដ្ឋនាពេលអនាគត។ របបរាជានិយមរបស់ប្រទេសអាល្លឺម៉ង់ត្រូវបានបំបាត់ចោលមួយសតវត្សរ៍មកហើយ។ រដ្ឋអាជ្ញានិយាយថា លោកបានទាក់ទងមន្ត្រីរុស្ស៊ីដោយមានផែនការបង្កើតបទបញ្ជាថ្មី ប៉ុន្តែពុំមានភស្តុតាងនៃការឆ្លើយតបជាវិជ្ជមាននោះទេ។ អង្គភាពសេវាចារកម្មយោធាបាននិយាយថា សមាជិកផ្សេងទៀតរួមមានទាហានបម្រុងជាច្រើននាក់ និងទាហានសកម្មនៅក្នុងទីបញ្ជាការកងកម្លាំងពិសេស។ អ្នករៀបចំផែនការត្រូវបានគេសង្ស័យថា កំពុងបង្កើតផែនការជាក់ស្តែងដើម្បីសម្រុកចូលសភា Bundestag ជាមួយក្រុមប្រដាប់អាវុធមួយចំនួនតូចចាប់តាំងពីចុងខែវិច្ឆិកា ឆ្នាំ2021 មកម្ល៉េះ។

រដ្ឋអាជ្ញានិយាយថា ក្រុមនេះផ្តោតលើការជ្រើសរើសសមាជិកយោធា និងនគរបាល ហើយត្រូវបានគេសង្ស័យថា បានរៀបចំសម្រាប់ការវាយប្រហារប្រដាប់ដោយអាវុធ តាមរយៈការស្តុកទុកយុទ្ធោបករណ៍យោធា និងការហ្វឹកហាត់។ ការចាប់ខ្លួននេះត្រូវបានធ្វើឡើងកាលពីថ្ងៃពុធ ក្នុងការវាយឆ្មក់នៅទូទាំងប្រទេស។ នគរបាល និងកងកម្លាំងសន្តិសុខជាង ៣ពាន់នាក់មកពីរដ្ឋសហព័ន្ធអាល្លឺម៉ង់ចំនួន 11 បានចូលរួម ដោយជនសង្ស័យត្រូវបានចាប់ខ្លួនផងដែរនៅក្នុងប្រទេសអូទ្រីស និងអ៊ីតាលី៕
អត្ថបទ៖ ប៊ុនថន