ភ្នំពេញ៖ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង សហការជាមួយនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ នឹងរៀបចំពិធីប្រឡង ដាល់អំបុក និងប្រឡងបង្ហើរខ្លែង នៅថ្ងៃទី១៧-១៨ ខែធ្នូ ឆ្នាំ២០២២ នាពេលខាងមុខនេះ នៅទីលានចំការដូង នៅភូមិ ដំណាក់កកោះ ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។
បើតាមលោក នូ សោភណ័ ជំនួយការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានប្រាប់BTV ព័ត៌មាននៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២នេះថា នាយកដ្ឋានបានសហការជាមួយមន្ទីរវប្បធម៌ខេត្ត ចាប់តាំងពីដើមទីដំបូង នៃកម្មវិធី បានជួយសម្របសម្រួលជាទម្រង់បែបបទ នៃព្រឹត្តិការណ៍ និងកិច្ចការលើបទពិសោធន៍ ដែលធ្លាប់ធ្វើនាពេលកន្លងមក។ ព្រឹត្តិការណ៍នាពេលខាងមុខនេះ គឺប្រារព្ធឡើងក្នុងនាមជាសហគមន៍ សម្រាប់ប្រជាជនរស់នៅក្នុងខេត្តកំពង់ឆ្នាំង។
លោក បានបន្ថែមថា មកដល់ពេលនេះកិច្ចនានា បានរៀបចំជាបណ្តើរៗហើយបានទទួលពាក្យបេក្ខជនប្រឡងដាល់អំបុក មកពីសហគមន៍នានា ចំនួន៨ក្រុម ក្នុងមួយក្រុម មាន៨នាក់។ ហើយបេក្ខជនបង្ហើរខ្លែង មានចំនួន១១ក្រុម មកពីទូទាំងខេត្តកំពង់ឆ្នាំង ហើយក្នុងមួយក្រុម មាន៤នាក់។ ក្រៅពីប្រឡងប្រធានមូលនិធិអ៊ីងហ្វោនដេសិន (INGFoundation) បានផ្តល់ថវិកាឲ្យមន្ទីរវប្បធម៌ ខេត្តកំពង់ឆ្នាំង ស្វែងរកចាស់ព្រឹទ្ធចារ្យ ដែលមានជំនាញធ្វើខ្លែងឯក ធ្វើបានចំនួន៨០ខ្លែង សម្រាប់ចែកជូនយុវជន យុវនារី បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍។
ដូច្នេះសូមបងប្អូនសាធារណជនពិសេស យុវជន យុវនារី ដែលមាន បំណងចង់ចូលរួមប្រឡង - សូមអញ្ជើញទាក់ទងសួរព័ត៌មានលម្អិតជាមួយមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត ដែលមាន អាសយដ្ឋាននៅភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ឬតាមរយៈលេខទូរស័ព្ទ 011 456 112 ក្រៅពីការប្រឡងដាល់អំបុកនិងបង្ហើរខ្លែង មានកម្មវិធីសម្ដែងសិល្បៈចម្រុះជាច្រើនទម្រង់ទៀតសម្រាប់ជូនបងប្អូន ទស្សនាកម្សាន្តសប្បាយក្នុងព្រឹត្តការណ៍វប្បធម៌រដូវរំហើយនេះ ។
អាស្រ័យហេតុនេះ សូមបងប្អូនសាធារណជនអញ្ជើញចូលរួមកម្សាន្តសប្បាយ ក្នុងន័យលើកស្ទួយទំនៀមទំលាប់ ប្រពៃណីដែលជាមរតកវប្បធម៌អរូបីរបស់សហគមន៍យើងឲ្យបានច្រើនកុះករ ៕អត្ថបទ រដ្ឋា






