ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានអនុម័តកញ្ចប់ហិរញ្ញប្បទាន ៧៣លានដុល្លារ ដើម្បីបង្កើនភាពធន់នឹងអាកាសធាតុ និងនិរន្តរភាពនៃជលផល តំបន់ឆ្នេរ និងសមុទ្រក្នុងប្រទេសកម្ពុជា។
គម្រោងជលផលតំបន់ឆ្នេរ និងសមុទ្រប្រកបដោយនិរន្តរភាព នឹងត្រូវបានផ្តល់ហិរញ្ញប្បទានជា ប្រាក់កម្ចីចំនួន ៤១ លានដុល្លារពី ADB ជំនួយឥតសំណងចំនួន ២២ លានដុល្លារពីមូលនិធិអភិវឌ្ឍន៍អាស៊ីរបស់ ADB និងប្រាក់កម្ចីចំនួន ១០ លានដុល្លារពីមូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន ក្រោមកញ្ចប់ជំនួយ ASEAN Catalytic Green Finance Facility (ACGF) ។ ទីភ្នាក់ងារបារាំងដើម្បីអភិវឌ្ឍន៍ (Agence Française de Développement) ក៏នឹងផ្តល់ជាសហហិរញ្ញប្បទានប្រមាណ ២០លានដុល្លារ ដែលនឹងត្រូវគ្រប់គ្រងដោយ ADB ផងដែរ។
លោក Alvin Lopez អ្នកឯកទេសជាន់ខ្ពស់ផ្នែកធនធានធម្មជាតិ និងកសិកម្មរបស់ ADB ប្រចាំតំបន់ អាស៊ីអាគ្នេយ៍មានប្រសាសន៍ថា «គម្រោងនេះ គឺជាការវិនិយោគដ៏សំខាន់លើកដំបូងរបស់ ADB លើ វិស័យជលផលសមុទ្រ ហើយក៏ជាជំហានដ៏សំខាន់មួយនៃផែនការសកម្មភាពសម្រាប់មហាសមុទ្រប្រកបដោយផាសុខភាព និងសេដ្ឋកិច្ចពណ៌ខៀវប្រកបដោយនិរន្តរភាព។
អនុវិស័យជលផលគឺជាធាតុផ្សំដ៏សំខាន់នៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដែលស្មើនឹង ៨% ទៅ ១០% នៃផលទុនជាតិសរុបរបស់ប្រទេស។ ជលផលសមុទ្រមាន ១៣% នៃអនុវិស័យ ជលផលប៉ុន្តែការនេសាទលើសកម្រិត និងហានិភ័យអាកាសធាតុ និងគ្រោះមហន្តរាយបាននាំឱ្យមានការថយចុះយ៉ាងខ្លាំង នៃបរិមាណត្រី ដែលបានជះឥទ្ធិពលដល់សហគមន៍ និងអាជីវកម្មនៅតាមឆ្នេរសមុទ្រ ហើយបណ្តាលឱ្យតម្លៃត្រីកើនឡើង។
គម្រោងនេះនឹងពង្រឹងវិស័យជលផលសមុទ្រក្នុងខេត្តជាប់មាត់ សមុទ្រ ចំនួនបួនរបស់កម្ពុជាគឺ កំពត កែប កោះកុង និង ព្រះសីហនុ ឈានចេញពីការធ្លាក់ចុះយ៉ាងគំហុកនៃ វិស័យជលផល លើកកម្ពស់ការចិញ្ចឹមត្រីសមុទ្រដោយនិរន្តរភាព និងលើកកម្ពស់ទីតាំងប្រមូលទុកផល នេសាទ ដើម្បីកែលម្អសុវត្ថិភាពអាហារសមុទ្រ។ មានការរំពឹងថា នៅក្រោមគម្រោងនេះជលផលក្បែរឆ្នេរ សមុទ្រប្រហែល ៤០% នឹងត្រូវបានបង្កើតឡើងវិញទៅជាសហគ្រាសប្រកបដោយផលិតភាព និង និរន្តរភាព។
គម្រោងនេះ នឹងជំរុញការអភិវឌ្ឍវិស័យឯកជនដោយបើកឱ្យសហគមន៍ឆ្នេរ និងអាជីវកម្មខ្នាតតូច ធ្វើពិពិធកម្មជីវភាពរស់នៅរបស់ពួកគាត់ ទទួលយកកាអនុវត្តប្រកបដោយនិរន្តរភាព និងរីកចម្រើនទៅជា សហគ្រាសរស់រវើក។ វាក៏នឹងគាំទ្រដល់ការពង្រឹងសេដ្ឋកិច្ចរបស់ស្ត្រី តាមរយៈការបង្កើនការចូលរួមរបស់ ស្ត្រីនៅក្នុងសហគ្រាសខ្នាតតូច និងមធ្យម។
ជាទូទៅគម្រោងនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់ អង្គការ សហគមន៍នេសាទចំនួន ២៥ និងសមាជិកនៃតំបន់ការពារសហគមន៍ចំនួន ១៥ ដែលមានចំនួនជិត ២0.000គ្រួសារ ក៏ដូចជាសហគមន៍ឆ្នេរសមុទ្រទាំងមូលដែលមានប្រជាជនប្រហែល ២00,000 នាក់៕ អត្ថបទ៖ ដាវណ្ណ