ភ្នំពេញ៖ ឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍ ស្នើឲ្យអាជីវកម្មទាំងអស់សូមកុំដំឡើងថ្លៃសេវាកម្មនានាក្នុងថ្ងៃបុណ្យសមុទ្រ ដែលនាំប៉ះពាល់គោលដៅទេសចរណ៍ខេត្តព្រះសីហនុ។
ឯកឧត្តម ទិត ចន្ថា បានលើកឡើងក្នុងសិក្ខាសាលាការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ឆ្ពោះទៅអបអរពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ឆ្នាំ២០២២ ក្រោមប្រធានបទ “ឆ្នេរនៃសន្ដិភាព ឆ្នេរនៃក្ដីសង្ឃឹម” នៅខេត្តព្រះសីហនុ នៅថ្ងៃទី៨ ខែធ្នូនេះ ។
ឯកឧត្តម ទិត ចន្ថា បានស្នើដល់អាជីវកម្មទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់បម្រើសេវាកម្មជូនភ្ញៀវប្រកបដោយគុណភាពល្អប្រសើរ និងមិនត្រូវដំឡើងថ្លៃសេវាកម្មច្រើនហួស ដែលអាចបង្កជារូបភាពមិនល្អនាំឱ្យប៉ះពាល់ដល់គោលដៅទេសចរណ៍ខេត្តព្រះសីហនុ និងតំបន់ឆ្នេរ។
ព្រមជាមួយគ្នានេះ ឯកឧត្តម ទិត ចន្ថា ក៏ស្នើដល់រដ្ឋបាលខេត្តព្រះសីហនុ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងភាគីឯកជនទាំងអស់ ត្រូវរួមគ្នាថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសោភ័ណភាពទីក្រុងឱ្យបានល្អ ក្នុងឱកាសពិធីបុណ្យសមុទ្រនេះ ដោយឈរលើមូលដ្ឋាន ក្រុងព្រះសីហនុ ជាជ័យ លាភីផ្ការំដួល ៣ទងនៃចលនាប្រឡងប្រណាំងទីក្រុងស្អាតថ្នាក់ជាតិនាពេលកន្លងមក និងក៏ជាជ័យលាភីទីក្រុងទេសចរណ៍ស្អាតថ្នាក់អាស៊ាន នាពេលកន្លងទៅផងដែរ។
ពិធីបុណ្យសមុទ្រ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីអបអរសាទរឆ្នេរសមុទ្រកម្ពុជាជាសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេលើសាកលលោក ក៏ដូចជាជំរុញលើកតំលៃ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ពិសេស អេកូទេសចរណ៍នៅតំបន់ឆ្នេរសមុទ្រកម្ពុជា ប៉ុន្តែ ត្រូវបានអាក់ខានដោយសារវិបត្តិជំងឺកូវីដ-១៩។
សម្រាប់ពិធីបុណ្យសមុទ្រឆ្នាំ២០២២នេះ នឹងមានព្រឹត្តិការណ៍ប្រគុំតន្រ្តីចល័តនៅតាមមាត់ឆ្នេរ, ព្រឹត្តិការណ៍កីឡា, ការតាំងពិព័រណ៍, និងសកម្មភាពកម្សាន្តផ្សេងទៀតនៅតាមមាត់សមុទ្រ៕ អត្ថបទ ស៊ុម សុខជា