កំពង់ឆ្នាំង ៖ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆ្នាំ២០២២ និងលើកទិសដៅសកម្មភាពការងារឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និង មានការអញ្ជើញចូលរួមពី មន្ត្រីទីស្នាក់ការកណ្តាល គណៈកម្មាធិការសាខា មន្ត្រីប្រតិបត្តិសាខា គណៈកម្មាធិការអនុសាខា ៨ក្រុងស្រុក អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា សរុបចំនួន ៣៦នាក់។ ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង។
ក្នុងឱកាសនោះ លោកជំទាវ ប៊ន សុភី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង បានអានរបាយការណ៍វឌ្ឍនភាព សកម្មភាពសកម្មភាពការងារ និងហិរញ្ញវត្ថុរយ:ពេល១១ខែឆ្នាំ២០២២ ដែលសាខានិងអនុសាខាក្រុងស្រុកទាំង៨ សម្រេចបានលើវិស័យអាទិភាពទាំង៤ ដែលជារួមរាល់កិច្ចការងារទាំងអស់នេះ គឺសម្រេចបានគួជាទីមោទន: ហើយចំណុចលេចធ្លោក្នុងឆ្នាំ២០២២នេះ សាខាសម្រេចបានលទ្ធផលនៃការកៀគរ រកមូលនិធិប្រសើរនិងច្រើនជាងឆ្នាំ២០២១ ការឆ្លើយតបគ្រោះមហន្តរាយបានច្រើន បើប្រៀបធៀបនិងឆ្នាំ២០២១។ របាយការណ៍បានបញ្ជាក់ទៀតថា ជាទិសដៅសាខាមានការប្តេជ្ញាចិត្ត រក្សាគោលជំហរ ក្នុងការប្រឹងប្រែងកៀរគរបង្កើនប្រភពចំណូលរបស់អង្គភាព តាមការបង់ប្រាក់គូបផ្សំនឹងមេរៀនបទពិសោធន៍ នៃឆ្នាំកន្លងមក បន្តជំរុញអនុវត្តរាល់សកម្មភាពវិស័យជាអាទិភាព និងឈរលើភាពជាក់ស្តែងនៃមូលដ្ឋាននីមួយៗ សមាជិកភាព ទិវា៨ឧសភា ពង្រឹងភាពជាដៃគូរ ប្រកបដោយតម្លាភាពសំដៅរួមចំណែក ក្នុងការឆ្លើយតបទៅជនរងគ្រោះ និងជនងាយរងគ្រោះបានចំគោលដៅនិងទាន់ពេលវេលា។
ទន្ទឹមនឹងនោះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពការងារមនុស្សធម៌ ដែលសាខាខេត្តនិងអនុសាខាក្រុង ស្រុកទាំង៨ សម្រេចបានក្នុងរយៈពេល១១ខែ កន្លងមកនេះព្រមទាំងណែនាំឲ្យនាយកប្រតិបត្តិសាខា ត្រូវធ្វើរបាយការណ៍សង្ខេប ឲ្យបានច្បាស់លាស់និងគ្រប់ជ្រុងជ្រោយ ពីលទ្ធផលដែលសាខាអនុវត្តបាន រួមជាមួយផែនការអនុវត្តបន្តនាឆ្នាំបន្ទាប់ ជូន គណៈកម្មាធិការសាខាជ្រាប ដើម្បីផ្តល់នូវមតិយោបល់ និងតម្រង់ទិសសម្រាប់ការងារអនុវត្តបន្ត។ ជាមួយនេះលោកជំទាវអគ្គលេខាធិការ ក៏បានផ្តល់អនុសាសន៍ណែនាំសំខាន់ៗមួយចំនួន ជូនអង្គប្រជុំមានជាអាទិ៍៖
១-ត្រូវបំពេញការងារស្របទៅតាមយុទ្ធសាស្ត្រ (២០២១-២០៣០) របស់កាកបាទក្រហមកម្ពុជា។
២-ផ្តួចផ្តើមគំនិតរកប្រភពចំណូល និងបង្កើតចំណូលចូលមូលនិធិសាខា និងអនុសាខា។
៣-ត្រូវធានាបានលើការគ្រប់គ្រងការងារហិរញ្ញកិច្ច របស់សាខាឱ្យមានគណនេយ្យភាព តម្លាភាពទៅតាមទម្រង់ការហិរញ្ញវត្ថុ។
៤-បន្តខិតខំប្រឹងប្រែងធ្វើការងារ ក្នុងស្មារតីជាក្រុម សាមគ្គីភាព ឯកភាព និងជួយគ្នាទៅវិញទៅមក រវាងគណៈកម្មាធិការសាខា-ក្រុមប្រតិបត្តិសាខា និងអនុសាខា។
៥-បន្តការងារអភិវឌ្ឍស្ថាប័ន ពង្រឹងសមត្ថភាពថ្នាក់សាខា-អនុសាខា។
៦-បន្តអនុវត្តសកម្មភាពមនុស្សធម៌ ក្នុងការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង នៃប្រតិបត្តិការជួយសង្គ្រោះជនរងគ្រោះ និងងាយរងគ្រោះបំផុតនៅក្នុងខេត្ត។
៧-បន្តថែរក្សាកិត្តិនាម កាកបាទក្រហមកម្ពុជា ឱ្យសក្តិសមជាជំនួយការឱ្យអាជ្ញាធរសាធារណៈលើវិស័យមនុស្សធម៌៕ អត្ថបទ ៖ សំ ងីម









