ភ្នំពេញ៖ឯកឧត្ដម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា បានដឹកនាំក្រុមការងារចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (CAM-UAE CEPA) ចូលរួមកិច្ចប្រជុំចង្អៀតអន្តរក្រសួង តាមប្រព័ន្ធវីដេអូ ដើម្បីគោរពរាយការណ៍ជូន អំពីលទ្ធផលនៃការចរចាកិច្ចព្រមព្រៀង និងស្នើសុំគោលការណ៍សម្រាប់ការចរចាជុំបន្ត។
ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា កិច្ចប្រជុំចង្អៀតអន្តរក្រសួងនេះ បានប្រព្រឹត្តទៅ កាលពីរសៀលថ្ងៃទី៧ ធ្នូ ឆ្នាំ២០២២ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
ប្រភពដដែល បានបន្តថា ក្រោយពីបានស្តាប់ការរាយការណ៍របស់ ឯកឧត្តម ប៉ាន សូរស័ក្តិ ជូនឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ និងអង្គប្រជុំ អំពីប្រវត្តិសាវតា និងវឌ្ឍនភាពនៃការចរចាកិច្ចព្រមព្រៀងនេះ អង្គប្រជុំក៏បានពិភាក្សាលើសំណូមពរ និងបញ្ហានានារបស់ក្រុមការងារចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម និងបានទទួលអនុសាសន៍ណែនាំនិងសេចក្តីសម្រេច ពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ លើចំណុចមួយចំនួនពាក់ព័ន្ធនឹងការចរចាលើអត្ថបទកិច្ចព្រមព្រៀង និងការបើកច្រកទីផ្សារពាណិជ្ជកម្មទំនិញ ពាណិជ្ជកម្មសេវា និងពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថល សំដៅត្រៀមការចរចាជុំទី២ ដែលគ្រោងប្រព្រឹត្តិទៅ ចាប់ពីថ្ងៃទី១៩ ដល់២១ ខែធ្នូនេះ នៅកម្ពុជា។
តាមឯកឧត្តមរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា សារៈសំខាន់ក្នុងការបន្តធ្វើសមាហរណកម្ម និងសហប្រតិបត្តិការសេដ្ឋកិច្ចរបស់កម្ពុជាទៅក្នុងតំបន់ និងសកលលោក ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងបន្តធ្វើពិពិធកម្មទីផ្សារនាំចេញសម្រាប់ផលិតផលកម្ពុជាឱ្យកាន់តែសំបូរបែប និងប្រសើរជាងមុន និងជាពិសេសចូលរួមចំណែកក្នុងការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ១៩ និងបង្កើតឱកាសការងារកាន់តែច្រើនជូនប្រជាពលរដ្ឋ៕អត្ថបទ៖ ឈិត បូរ៉ាវី