កំពត៖ មន្ត្រីប្រចាំការនៅច្រកទ្វារទ្វេភាគីតន់ហន់ ខេត្តកំពត បានបញ្ជាក់ថា ចាប់តាំងពីមានការផ្ទុះឡើង នៃជំងឺកូវីដ១៩មក ការនាំចេញស្រូវទៅប្រទេសវៀតណាម តាមច្រកតន់ហន់ បានធ្លាក់ចុះជាលំដាប់។
តាមរបាយការណ៍របស់មន្ទីរកសិកម្ម រយៈពេល១១ខែឆ្នាំ២០២២នេះ ស្រូវនាំចេញប្រមាណ ៤ម៉ឺនតោនប៉ុណ្ណោះ ខណៈដែលនៅឆ្នាំ២០២១ ការនាំស្រូវចេញមានចំនួនជាង ១០ម៉ឺនតោន។
នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីតន់ហន់ លោក វរសេនីយ៍ទោ នាក់ សុវណ្ណគិរី ជំនួសមុខឲ្យប្រធានច្រកទ្វារ បានប្រាប់ថា ចាប់ទាំងពីមានការផ្ទុះឡើង នៃជំងឺកូវីដ១៩ សកម្មភាពដោះដូរទំនិញតាមច្រកទ្វារទ្វេភាគីតន់ហន់ មានភាពស្ងប់ស្ងាត់ ពិសេសការនាំចេញស្រូវមានការថមថយច្រើន។ កាលពីមុនកូវីដ១៩ផ្ទុះឡើង រដូវកាលប្រមូលផលនេះ នៅច្រកមានរថយន្តដឹកស្រូវតម្រង់កន្ទុយគ្នា ដើម្បីនាំស្រូវចេញទៅវៀតណាម ប៉ុន្តែឥឡូវស្ងប់ស្ងាត់ ក្នុងមួយថ្ងៃមានរថយន្តដឹកស្រូវចេញជាង ១០គ្រឿងប៉ុណ្ណោះ ។
ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ចាន់ រិទ្ធ បានប្រាប់ឲ្យដឹងដែរថា តម្លៃស្រូវឆ្នាំនេះថេរល្អ ស្រូវអ៊ីអ៊ែ តម្លៃ៨៧០រៀលក្នុងមួយគីឡូក្រាម ស្រូវធ្ងន់ តម្លៃ១២០០រៀល ក្នុងមួយគីឡូក្រាម ហើយតម្លៃនេះមិនទាបជាងរាល់ឆ្នាំទេ ប៉ុន្តែការនាំចេញស្រូវទៅវៀតណាមតាមច្រកតន់ហន់ធ្លាក់ចុះ។
តាមរបាយការណ៍របស់មន្ទីរ រយៈពេល១១ខែឆ្នាំ២០២២នេះ ការនាំចេញស្រូវទៅវៀតណាម តាមច្រកតន់ហន់បាន ប្រមាណ៤ម៉ឺនតោនប៉ុណ្ណោះ ខណៈដែលឆ្នាំ២០២១ ការនាំចេញស្រូវបានជាង ១០ម៉ឺនតោន។
ឈ្មួញទិញលក់ស្រូវ បានប្រាប់ឲ្យដឹងថា តម្លៃស្រូវមិនសូវប្រែប្រួលនោះទេ ជាធម្មតាតម្លៃស្រូវស្ថិតនៅចន្លោះពី៨០០រៀល ទៅ១២៥០រៀលក្នុងមួយគីឡូក្រាម ទៅតាមប្រភេទស្រូវ។
ការធ្លាក់ចុះនៃការនាំចេញស្រូវទៅវៀតណាម តាមច្រកទ្វារទ្វេភាគីតន់ហន់នេះ បើតាមមន្ត្រីជំនាញបានបញ្ជាក់ថា ដោយសារច្រកនេះ ពិបាកទម្លាក់ស្រូវចុះទូកខាងវៀតណាម ទាមទារឲ្យឈ្មួញត្រូវមានកម្លាំងកម្មករខ្លួនឯង ហើយកន្លងមកឈ្មួញ និងពលរដ្ឋជាច្រើនបានស្នើសុំ ឲ្យរដ្ឋបាលខេត្តជួយសម្របសម្រួលភាគីវៀតណាម ដើម្បីបើកច្រកព្រៃទន្លេ ដែលទីនោះងាយស្រួល និងសំបូរកម្លាំងកម្មករ។
យ៉ាងណាក៏ដោយ ច្រកទ្វារទ្វេភាគីតន់ហន់ នៅតែដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទាំងសង់ ឲ្យប្រសើរឡើង តាមរយៈការដោះដូរទំនិញគ្នា៕អត្ថបទ៖ អន សារឹម