កំពង់ធំ៖ ក្រុមគ្រូពេទ្យអង្គការសហប្រតិបត្តិការវេជ្ជសាស្ត្រអន្តរជាតិ ចុះពិនិត្យ និងព្យាបាលជំងឺទូទៅ ដល់មន្រ្តី នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ប្រមាណជាង៤៣០ នាក់ លើជំងឺទូទៅ ជំងឺភ្នែក ច្រមុះ ត្រចៀក រោគស្រ្តី និងវះកាត់តូច។
នារសៀលថ្ងៃទី៨ ខែធ្នូ ម្សិលមិញ នៅស្នងការនគរបាលខេត្តកំពង់ធំ មានរៀបចំកម្មវិធីបិទបេសកកម្មពិនិត្យ និងព្យាបាលជំងឺទូទៅដល់មន្រ្តីនគរបាលខេត្តកំពង់ធំ។ ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី ខេន ឈុនគ័រ ស្នងការងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ លើកឡើងថា ការពិនិត្យ និងព្យាបាលជំងឺជូនដល់មន្រ្តី នៃស្នងការដ្ឋាននគរបាលខេត្ត មានរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី៦-៨ ខែធ្នូ ឆ្នាំ២០២២។ ក្នុងរយៈពេលបីថ្ងៃនេះ ក្រុមគ្រូពេទ្យអង្គការសហប្រតិបត្តិការវេជ្ជសាស្ត្រអន្តរជាតិ បានធ្វើការពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃ លើកងកម្លាំង បានសរុប៤៣២នាក់ ដែលក្នុងនោះ ពិនិត្យជំងឺទូទៅ ចំនួន ២០០ នាក់, ជំងឺរោគស្ត្រីចំនួន ៣៤ នាក់ និងពិនិត្យភ្នែក ច្រមុះ ត្រចៀកចំនួន ១៩៨ នាក់។ សកម្មភាពនេះ បានបង្ហាញពីកិច្ចសហប្រតិបត្តិការល្អរវាង ក្រុមស្ម័គ្រចិត្តគ្រូពេទ្យអន្តរជាតិ ជាមួយរាជរដ្ឋាភិបាល ដែលជួយផ្តល់សេវាសុខភាព ជូនកងម្លាំងដើម្បីស្វែងយល់ពីស្ថានភាពជំងឺ ការថែទាំ ព្យាបាលបានទាន់ពេលវេលា,ជួយលើកស្ទួយ ដល់ជីវភាពកងកម្លាំងកាត់បន្ថយការចំណាយក្នុងគ្រួសារ, ជួយសម្រាលបន្ទុកចំណាយរបស់រាជរដ្ឋាភិបាលផងដែរ។
លោកឧត្តមសេនីយ៍ត្រី លើកឡើងទៀតថា ក្នុងនាមលោកឧត្តមសេនីយ៍ទោស្នងការខេត្ត សូមថ្លែងអំណរគុណក្រុមគ្រូពេទ្យដែលបានលះបង់ពេលវេលា និងថវិកាផ្ទាល់ដើម្បីចុះមកពិនិត្យព្យាបាលជំងឺជូនកងកម្លាំង ស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូនជាកងកម្លាំង ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា និន្នាការនយោបាយណាមួយឡើយ ប៉ុន្តែសំដៅចូលរួមកាត់ បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងបង្កើនភាពសុខដុមរមនា ក្នុងសហគមន៍តាមរយៈការផ្ដល់សេវា សុខភាពសាធារណៈដោយឥតគិតថ្លៃព្រោះថាបញ្ហាសុខភាពគឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរកភាពជោគជ័យ សុភមង្គល ជូនគ្រួសារ និងការអភិវឌ្ឍសង្គមជាតិ៕ អត្ថបទ៖ សាំងស៊ីន



