ភ្នំពេញ៖ សាធារណរដ្ឋកូរ៉េបានសម្រេចផ្តល់ឥណទានសម្បទានចំនួន ២៤៥លាន ៩សែន៩ពាន់ដុល្លារអាមេរិក សម្រាប់សាងសង់ស្ពានមិត្តភាពកម្ពុជា សាធារណរដ្ឋកូរ៉េ ជ្រោយចង្វា-អរិយក្សត្រហើយ រួមទាំងគម្រោង មួយចំនួនទៀត សម្រាប់មូលនិធិនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចឆ្នាំ២០២២-២០២៦។ ការសម្រេចរបស់កូរ៉េខាងត្បូងនេះត្រូវបានធ្វើពិធីចុះហត្ថលេខាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
ក្នុងពិធីចុះហត្ថលេខារវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និង រដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ ដែលធ្វើនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ ត្រូវបានចុះហត្ថលេខារវាង ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និង ឯកឧត្តម ប៉ាក ហឹងឃ្លៀង (PARK Heung-kyeong) ឯកអគ្គរដ្ឋទូត ន សាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ទៅលើកិច្ចសម្របសម្រួលក្របខណ្ឌ ស្តីពីការ ផ្តល់ឥណទានសម្បទាន នៃមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចសម្រាប់ឆ្នាំ ២០២២-២០២៦ ដែលមានទំហំទឹកប្រាក់ចំនួន ១៥០០ លានដុល្លារអាមេរិក។
ក្នុងពេលជាមួយគ្នានោះដែរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Minnie CHEY ប្រធានមូលនិធិ សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច នៃធនាគារនីហ័រណអាហ័រណកូរ៉េប្រចាំ កម្ពុជា ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងចំនួន ០២ ដូចខាងក្រោម៖
-គម្រោងពង្រឹងសមត្ថភាពប្រព័ន្ធបណ្តាញបញ្ជូនអគ្គិសនីនៅខេត្តព្រះសីហនុ ដែលមាន ទឹកប្រាក់ចំនួន ៧០ ០០០ ០០០ ដុល្លារអាមេរិក និង
-គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ; ជ្រោយចង្វារ-អរិយក្សត្រ) ដែលមានទឹកប្រាក់ចំនួន ២៤៥ ៩០៩ ០០០ ដុល្លារអាមេរិក។
ឥណទានសម្បទានដែលផ្តល់ដោយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េនាពេលនេះ នឹងចូលរួមចំណែក ដ៏សំខាន់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច ព្រមទាំងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងល្អដែលមានស្រាប់រវាងប្រជាជាតិទាំងពីរ។
គួរបញ្ជាក់ថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងសាងសង់ជាស្ពានខ្សែកាបតភ្ជាប់ពីភ្នំពេញទៅអរិយក្សត្រ។ ស្ពាននេះ នឹងក្លាយជាស្ពានទំនើបដើម្បីសម្រួលដល់នាវាចរតាមទន្លេ ទាំង២ គឺទន្លេសាប និងទន្លេមេគង្គ ហើយនៅពេលសាងសង់រួច វាអាចជួយសម្រួលស្ថានភាពចរាចរណ៍ប្រចាំថ្ងៃដែលជាភូមិសាស្រ្តអំណោយផលគ្រប់ជ្រុងជ្រោយ នូវការទាក់ទាញវិស័យទេសចរណ៍ជាពិសេសកត្តាសោភ័ណភាព និងការលើកសម្រស់រាជធានីភ្នំពេញ។
ស្ពាននេះ នឹងត្រូវសាងសង់ចេញពីផ្សាររាត្រី ស្ថិតនៅក្បែរផ្សារចាស់ ក្នុងខណ្ឌដូនពេញ ហើយភ្ជាប់ទៅដីជ្រោយចង្វារក្បែរសណ្ឋាគារសុខា រួចទើបសង់បន្តឆ្លងទន្លេមេគង្គឆ្ពោះទៅកាន់ឃុំអរិយក្សត្រ ស្រុកល្វាឯមខេត្តកណ្តាល។ ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េគ្រោងនឹងចាប់ផ្តើមសាងសង់នៅឆ្នាំ២០២៣ខាងមុខនេះ៕ អត្ថបទ៖ មុត សុទ្ធ












