ភ្នំពេញ៖ កងកម្លាំងបោសសំអាតមីនកម្ពុជា និងថៃ គ្រោងនឹងធ្វើការបោសសំអាតមីន នៅតាមបន្ទាត់ព្រំដែន នៃប្រទេសទាំង២ ក្នុងទំហំផ្ទៃដីប្រមាណជាង ១០០គីឡូម៉ែត្រក្រឡា ហើយនឹងអភិវឌ្ឍតំបន់ទាំងនោះ ក្លាយទៅជាព្រំដែនមានសុវត្ថិភាព សន្តិភាព និងមានការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធនានាផងដែរ ។
បន្ទាប់ពីជំនួបជាមួយឯកឧត្តម Supathat Narindaradhakdi អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនថៃ (TMAC) នៅល្ងាចថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធមីន មានប្រសាសន៍ថា ការជួបគ្នានាពេលនេះ អាជ្ញាធរមីន បានសម្របសម្រួលជាមួយភាគីថៃ អនុវត្តទស្សនវិស័យរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ហើយអាជ្ញាធរមីន នឹងធ្វើការជាមួយភាគីពាក់ព័ន្ធថ្នាក់ជាតិរបស់កម្ពុជា មានកងទ័ពជើងគោក អង្គភាពមួកខៀវ និងស៊ីម៉ាក់ ដែលអង្គភាពទាំងបីនេះ ដើរតួនាទីដ៏សំខាន់ ក្នុងការអនុវត្តជាក់ស្ដែង នូវការងារបោសសំអាតមីន ។
ឯកឧត្តមបានបន្តថា កម្ពុជាមានខេត្តចំនួន៧ ដែលជាប់នឹងព្រំដែនថៃ ដោយកម្ពុជាមានផ្ទៃចំនួនប្រមាណ ១៣៨គីឡូម៉ែត្រក្រឡា ដែលត្រូវបោសសំអាត ខណៈខាងភាគីថៃ មានត្រឹមជិត ៣០គីឡូម៉ែត្រក្រឡាប៉ុណ្ណោះ ហើយភាគីទាំងពីរ បានឯកភាពគ្នា សហការជួយគ្នាទៅវិញទៅមក មិនឲ្យមានការរាំងស្ទះលើការងារនេះ ខណៈថវិកា និងសម្ភារៈប្រើប្រាស់ក្នុងការបោសសំអាតនេះ គឺប្រទេសនីមួយៗចំណាយខ្លួនឯង ហើយនឹងអនុវត្តនូវផែនការនេះនាពេលឆាប់ខាងមុខ ។
សូមរម្លឹកថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា អំឡុងនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ សម្ដេចបានជួបជាមួយឯកឧត្តម ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ ដោយព្រមព្រៀងគ្នា ដើម្បីធ្វើការបោសសំអាតគ្រាប់មីន នៅតាមបន្ទាត់ព្រំដែន នៃប្រទេសទាំងពីរ ៕ អត្ថបទ បាន សុខរិទ្ធិ



