កំពង់ឆ្នាំង៖ បន្ទាប់ពីទទួលបានព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមពី សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន ចង្កៀងប្រើថាមពលពន្លឺព្រះអាទិត្យ (បន្ទះសូឡា និងអំពូលភ្លើង) ចំនួន៧៣ប្រអប់ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ប្រើប្រាស់ក្នុងសកម្មភាពមនុស្សធម៌។ នៅរសៀលថ្ងៃទី ៨ ខែធ្នូ ឆ្នាំ២០២២ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងសហការី សហការជាមួយគណៈកម្មាធិការសាខា-អនុសាខាខេត្តកំពង់ឆ្នាំង បាននាំយកព្រះរាជអំណោយដ៏ថ្លៃថ្លាទាំងនេះ ជូនប្រជាពលរដ្ឋរស់នៅតំបន់ដាច់ស្រយាល ខ្វះចរន្តអគ្គិសនីប្រើប្រាស់ ស្ថិតនៅក្នុងភូមិដូងស្លារ ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
ក្នុងឱកាសនោះ លោកជំទាវអគ្គលេខាធិការ បានពាំនាំព្រះរាជបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយស និងពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក និងការស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុត ថ្វីបើព្រះអង្គមិនបានយាង និងអញ្ជើញមកចុះសួរសុខទុក្ខដោយផ្ទាល់ ក៏បានចាត់ឱ្យក្រុមការងារនាំមកនូវព្រះរាជអំណោយដ៏ថ្លៃថ្លា មកប្រគល់ជូនដល់បងប្អូនប្រជាពលរដ្ឋឱ្យបានប្រើប្រាស់ ។
លោកជំទាវបានគូសបញ្ជាក់ថា « ព្រះរាជអំណោយបន្ទះសូឡា និងអំពូលភ្លើង ដែលប្រើដោយពន្លឺព្រះអាទិត្យនេះ មានភាពងាយស្រួលក្នុងការប្រើប្រាស់ មិនចាំបាច់អស់ថវិកា ខាតពេលវេលា និងមិនព្រួយបារម្ភពីហានិភ័យផ្សេងៗឡើយ។ លើសពីនេះទៅទៀត ក្រោមម្លប់ដ៏ត្រជាក់របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងព្រះករុណាព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងនៅក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បាននាំមកនូវសន្តិភាព សន្តិសុខពេញលេញ រស់នៅដោយមិនមានការភ័យខ្លាច ប្រកបដោយភាពសុខដុមរមនា»។
ជាមួយគ្នានោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការសាខា តំណាងប្រជាពលរដ្ឋ ពិតជាមានកិត្តិយសដ៏ឧត្តុង្គឧត្តមក្រៃលែង ដោយបានទទួលនូវសមិទ្ធផលថ្មីស្រឡាង ដែលជាព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ ហ្លួងម៉ែ នរោត្ត មុនីនាថ សីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា តាមរយៈ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នូវចង្កៀងប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ សម្រាប់ជាប្រទីបជួយបំភ្លឺផ្លូវនាពេលយប់ ព្រមទាំងសូមប្តេជ្ញាចិត្តខ្ពស់ ក្នុងការថែរក្សានូវព្រះរាជអំណោយទាំងនេះ ប្រើប្រាស់ឱ្យបានគង់វង់យូរអង្វែង និងសូមថ្វាយនូវអំណរព្រះរាជគុណដ៏ជ្រាលជ្រៅបំផុត ថ្វាយចំពោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ ដល់ប្រជានុរាស្ត្រជាកូនចៅ ចៅទួត របស់ព្រះអង្គ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋនីមួយៗ ទទួលបានអំណោយរួមមាន បន្ទះសូឡា និងអំពូលភ្លើង ១ឈុត ជាមួយគ្នានោះដើម្បីអមព្រះរាជសកម្មភាពរបស់ព្រះអង្គ កាកបាទក្រហមកម្ពុជា បានឧបត្ថម្ភបន្ថែម ជូនគ្រួសារនីមួយៗនូវ៖ អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកស៊ីអ៊ីវ១យួរ ឃីត១កញ្ចប់ (សារុង មុង ភួយ ក្រមា) ជែលលាងដៃចំនួន១ដប និងថវិកា ៥ម៉ឺនរៀលផងដែរ។ បន្ទាប់ពីបានសំណេះសំណាលជាមួយប្រជាពលរដ្ឋរួចមកលោកជំទាវអគ្គលេខាធិការ និងក្រុមការងារបានបន្តចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅតាមខ្នងផ្ទះចំនួន ១០គ្រួសារបន្ថែមទៀតផងដែរ៕ អត្ថបទ៖ សំ ងីម














