រុស្ស៊ី៖ សហរដ្ឋអាមេរិក និងរុស្ស៊ីបានដោះដូរអ្នកទោសតារាបាល់បោះអាមេរិកនាង Brittney Griner ជាមួយឈ្មួញលក់អាវុធដ៏ល្បីល្បាញជនជាតិរុស្ស៊ីលោក Viktor Bout ដែលបានជាប់ឃុំក្នុងពន្ធនាគារអាមេរិករយៈពេល ១២ឆ្នាំ។ លោកប្រធានាធិបតីអាមេរិក Joe Biden និយាយថា តារាបាល់បោះ Griner មានសុវត្ថិភាព និងកំពុងធ្វើដំណើរត្រឡប់មកប្រទេសវិញពីអារ៉ាប់រួម។
ថ្លែងនៅសេតវិមានលោកបាននិយាយថា ខ្ញុំរីករាយណាស់ដែល Brittney មានស្មារតីល្អ នាងត្រូវការពេលវេលា និងទីកន្លែងដើម្បីធ្វើឲ្យស្ថានភាពប្រសើរឡើងវិញ។ សារព័ត៌មានរុស្ស៊ីបានរាយការណ៍ថា លោក Viktor Bout ដែលត្រូវគេស្គាល់ច្បាស់ថា ជាឈ្មួញមច្ចុរាជបានទៅដល់ទីក្រុង Moscow ហើយនៅថ្ងៃសុក្រនេះ។ លោក Bout បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានទៅកាន់អ្នកសារព័ត៌មានម្នាក់មកពីទូរទស្សន៍ជាតិ បន្ទាប់ពីមកដល់ទឹកដីរុស្ស៊ីថា នៅពាក់កណ្ដាលអធ្រាត្រ មានគេមកដាស់ខ្ញុំហើយប្រាប់ខ្ញុំថា រៀបចំឥវ៉ាន់របស់អ្នកទៅ។
លោក Bout ត្រូវគេរាយការណ៍ថា បានចុះពីយន្តហោះដោយកាន់បាច់ផ្កាមុនពេលឱបម្ដាយ និងភរិយារបស់លោក។ គួររម្លឹកថា តារាបាល់បោះ Griner ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានក្រុង Moscow កាលពីខែកុម្ភៈពីបទប្រើប្រេងកញ្ឆា ហើយបានបញ្ជូនទៅកាន់ពន្ធនាគារនៅដែនដីដាច់ស្រយាល៕
អត្ថបទ៖ សុខមាន