NATO៖ ប្រមុខសម្ព័ន្ធយោធាណាតូនិយាយថា រុស្ស៊ីកំពុងព្យាយាមផ្អាកសមរភូមិប្រយុទ្ធក្នុងប្រទេសអ៊ុយក្រែនបន្ទាប់ពីរដូវរងានេះ ដូច្នេះខ្លួនអាចមានពេលវេលាត្រៀមកម្លាំង សម្រាប់ការវាយប្រហារកាន់តែធំនៅដើមឆ្នាំក្រោយ។
អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg ដែលជាប្រមុខសម្ព័ន្ធយោធាលោកខាងលិចបាននិយាយកាលពីថ្ងៃពុធសប្ដាហ៍នេះថា អ្វីដែលយើងបានឃើញពេលនេះគឺពិតណាស់ រុស្ស៊ីកំពុងព្យាយាមផ្អាកការវាយប្រយុទ្ធមួយចំនួននៅក្នុងសង្រ្គាមនេះ យ៉ាងហោចណាស់ក៏ក្នុងរយៈពេលខ្លីដែរ ដូច្នេះទើបពួកគេអាចប្រមូលផ្ដុំកម្លាំងឡើងវិញ ជួសជុលយុទ្ធោបករណ៍ និងស្រោចស្រង់កម្លាំងដែលបាត់បង់ បន្ទាប់មកពួកគេនឹងបើកការវាយប្រហារទ្រង់ទ្រង់ធំជាងមុននៅរដូវនិទាឃរដូវក្រោយ។
កាលពីថ្ងៃពុធសប្ដាហ៍នេះដែរលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានព្រមានថា សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនអាចអូសបន្លាយពេលយូរទៀត។ វិមានក្រឹមឡាំងបានទទួលស្គាល់ថា រុស្ស៊ីមិនអាចព្យាករណ៍ដឹងទេថា សង្គ្រាមនៅអ៊ុយក្រែននឹងបញ្ចប់នៅពេលណា។ ស្ថានភាពរដូវរងាបានចាប់ផ្ដើមនៅទូទាំងប្រទេសអ៊ុយក្រែន ជាទីដែលសីតុណ្ហភាពភាគច្រើនធ្លាក់ចុះក្រោមសូន្យអង្សារចន្លោះខែធ្នូ និងខែមីនា៕ អត្ថបទ៖ ក្រូច សុខមាន

