បាល់ទាត់៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានឹងធ្វើការប្រកួតមិត្តភាពអន្ដរជាតិ ជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ីនាវេលាម៉ោង ៨យប់ (ម៉ោងនៅកម្ពុជា) ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ នៅកីឡដ្ឋាន Bukit Jalil ប្រទេសម៉ាឡេស៊ី។

ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត លោក Hirose Ryu គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាបានបង្ហាញពីការត្រៀមខ្លួនរួចរាល់ សម្រាប់ការរៀបចំកូនក្រុមត្រៀមការប្រកួតមិត្តភាពនេះ ទោះបីមានរយៈពេលខ្លីក៏ដោយ។ គ្រូបង្វឹកជនជាតិជប៉ុនរូបនេះថា បន្ទាប់ពីលីគកំពូលកម្ពុជាបញ្ចប់កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍មុន ទើបកម្ពុជាធ្វើការប្រមូលផ្ដុំហ្វឹកហាត់ ១ថ្ងៃមុនធ្វើដំណើរទៅម៉ាឡេស៊ី។ វាពិតជាមានរយៈពេលខ្លី ប៉ុន្ដែលោកជឿជាក់ការរៀបចំបានយ៉ាងល្អ ដើម្បីធ្វើឲ្យប្រាកដថា យុទ្ធសាស្ដ្រ និងបច្ចេកទេសចម្បងឆ្ពោះទៅមុខដោយរលូន។ លោក Hirose Ryu បន្ថែមថា សម្រាប់ការប្រកួតដ៏សំខាន់សម្រាប់យប់នេះ ក្រុមគោព្រៃកម្ពុជាចង់ធ្វើឲ្យបានលទ្ធផលល្អ ក៏ដូចជាជ័យជម្នះ ដ្បិតការប្រកួតនេះគឺជាផ្នែកមួយនៃការរៀបចំ និងត្រៀមខ្លួនសម្រាប់ការប្រកួតពានរង្វាន់ AFF Mitsubishi Electric Cup 2022 នាពេលខាងមុខ ដែលទាមទារឲ្យកូនក្រុមខំប្រឹងប្រកួតឲ្យបានល្អបំផុត។

គួរដឹងថា បន្ទាប់ពីប្រកួតមិត្តភាពអន្ដរជាតិជាមួយម្ចាស់ផ្ទះម៉ាឡេស៊ី កម្ពុជានឹងត្រឡប់មកមាតុភូមិវិញដើម្បីបន្ដប្រមូលផ្ដុំហ្វឹកហាត់ត្រៀមការប្រកួតបើកឆាក AFF Mitsubishi Electric Cup 2022 ដែលកម្ពុជាគឺស្ថិតក្នុងពូល A ខណៈការប្រកួតដំបូងកម្ពុជាត្រូវជួបក្រុមភ្ញៀវហ្វីលីពីននាថ្ងៃទី២០ ខែធ្នូ មុនជួបឥណ្ឌូនេស៊ីក្រៅដីនាថ្ងៃទី២៣ ខែធ្នូ។ បន្ទាប់មកនៅថ្ងៃទី២៩ ខែធ្នូ កម្ពុជានឹងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិមរតកតេជោជាថ្មី ទទួលក្រុមប្រ៊ុយណេវិញម្ដង មុនការប្រកួតបញ្ចប់ជាមួយក្រុមម្ចាស់ផ្ទះថៃនាថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣។ ចំពោះការប្រកួតក្នុងដីរបស់ក្រុមគោព្រៃកម្ពុជា អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន និងទូរទស្សន៍ BTV-News បានទទួលសិទ្ធធ្វើការផ្សាយផ្ទាល់ ពីវិមានកីឡដ្ឋាននៃពហុកីឡដ្ឋានជាតិមរតកតេជោ ជូនដល់បងប្អូនប្រជាពលរដ្ឋបានទស្សនា។ កុំភ្លេចចូលរួមទស្សនា និងគាំទ្រក្រុមជម្រើសជាតិកម្ពុជាឲ្យបានច្រើនកុះករ៕
អត្ថបទ៖ លី ឈុនឡា