ចំបាប់៖ សហព័ន្ធកីឡាចំបាប់កម្ពុជាគ្រោងបញ្ជូនកីឡាករ-កីឡាការិនីចន្លោះ ៨ ទៅ ៩វិញ្ញាសា ដើម្បីចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅទីក្រុងហាណូយប្រទេសវៀតណាមនាចុងឆ្នាំ២០២១ ខណៈម្ចាស់ផ្ទះបានដាក់វិញ្ញាសាចំនួន ១៨ ដើម្បីធ្វើការប្រកួតលើប្រភេទកីឡាចំបាប់ក្នុងព្រឹត្តិការណ៍ប្រចាំតំបន់នេះ។
លោក ធិន វិចិត្រ អគ្គលេខាធិការសហព័ន្ធបានឲ្យដឹងថា វិញ្ញាសាដែលវៀតណាមបានដាក់រួមមានវិញ្ញាសាទម្ងន់ Free Style បុរស៦ និងនារី ៦ និងវិញ្ញាសា Creco-Roman ៦ ប៉ុន្តែកម្ពុជាអាចចូលរួមត្រឹម ៨ ទៅ ៩វិញ្ញាសាប៉ុណ្ណោះ។ អ្វីដែលសំខាន់ពេលនេះគឺសហព័ន្ធកំពុងមានការព្រួយបារម្ភ ព្រោះក្រុមជម្រើសជាតិមិនទាន់មានការប្រមូលផ្ដុំជុំគ្នាឡើយ ដោយសារការរីករាលដាលខ្លាំងនៃជំងឺកូវីដ-១៩។ គួរដឹងថា កីឡាចំបាប់ត្រូវបានចាត់ទុកជាប្រភេទកីឡាមានសក្ដានុពលមួយរបស់កម្ពុជា ដែលតែងដណ្ដើមមេដាយមាស ប្រាក់ និងសំរឹទ្ធជូនជាតិជារឿយៗនៅក្នុងការប្រកួតកីឡាស៊ីហ្គេម ជាក់ស្ដែងក្នុងការប្រកួតកីឡាស៊ីហ្គេមលើកចុងក្រោយកាលពីឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន ក្រុមកីឡាចំបាប់កម្ពុជាគឺដណ្ដើមបានមេដាយសំរឹទ្ធ ៥គ្រឿង ដែលជួយឲ្យកម្ពុជារក្សាចំណាត់ថ្នាក់លេខ៨ ក្នុងចំណោម ១១ប្រទេសទៀតផង៕
អត្ថបទ៖ លី ឈុនឡា