រុស្ស៊ី៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានទទូចថា ឯកសារទទួល ឬទិញអាវុធរបស់សហរដ្ឋអាមេរិកបង្ហាញថា ទីក្រុងវ៉ាស៊ីនតោនមានចេតនាដុតបញ្ឆេះជម្លោះនៅក្នុងប្រទេសអ៊ុយក្រែនយ៉ាងហោចណាស់រយៈពេល ៣ឆ្នាំទៀតដែរ។
លោកស្រីបានបន្ថែមថា ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky គួរតែចាំទុកថា អនាគតរបស់ប្រទេសលោកនឹងដើរដល់ពេលណា។ វិមានក្រឹមឡាំងនិយាយថា លោក Zelensky ដឹងថា ជម្លោះនៅអ៊ុយក្រែននឹងត្រូវបញ្ចប់ដោយរបៀបណា។ អ្នកការទូតរុស្ស៊ីរូបនេះបានប្រាប់ក្រុមអ្នកសារព័ត៌មាន អំឡុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងវ៉ាស៊ីនតោនមានផែនការដុតបញ្ឆេះអរិភាពនៅក្នុងប្រទេសអ៊ុយក្រែន យ៉ាងហោចណាស់រហូតដល់ដំណាច់ឆ្នាំ២០២៥។ នោះគឺជាគម្រោងការរបស់ពួកគេ ដោយវិនិច្ឆ័យតែទៅលើឯកសារដែលពួកគេបង្ហាញដល់គេឯងគ្រប់គ្នា។
លោកស្រី Zakharova កំពុងសំដៅដល់កិច្ចសន្យាសម្រាប់ប្រព័ន្ធមីស៊ីលបាញ់លើដីឡើងលើអាកាសដ៏ទំនើបថ្នាក់ជាតិរបស់ក្រុមហ៊ុន Raytheon ហៅកាត់ថា (NASAMS) ដែលមន្ទីរបញ្ចកោណបានប្រកាសកាលពីសប្ដាហ៍មុន។ យោងតាមឯកសារខាងលើ កងទ័ពអាមេរិកនឹងទិញ hardware ក្នុងតម្លៃ ១.២ពាន់លានដុល្លារអាមេរិកសម្រាប់អ៊ុយក្រែន ដែលប៉ាន់ប្រមាណថានឹងបញ្ចប់នៅចុងខែវិច្ឆិកា ឆ្នាំ២០២៥៕
អត្ថបទ៖ សុខមាន