កីឡាកងទ័ព៖ ឯកឧត្តមនាយកឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ បានជំរុញថ្នាក់ដឹកនាំ និងកីឡាករ-កីឡាការិនីក្រោមឱវាទទាំងអស់ត្រូវត្រៀមខ្លួនឲ្យបានរួចរាល់ ដើម្បីត្រៀមទទួលស្វាគមន៍ធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ពិសេសស្វែងរកនូវមេដាយជូនជាតិក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះ។
ការលើកឡើងនេះ ស្របពេលឯកឧត្តមបានអញ្ជើញជាអធិបតីភាព ក្នុងពិធីបូកសរុបលទ្ធផលការងារកីឡាកងយោធពលខេមរភូមិន្ទឆ្នាំ២០២២ និងទិសដៅអនុវត្តបន្ដឆ្នាំ២០២៣ កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ នៅទីស្ដីការក្រសួងការពារជាតិ។ មន្ដ្រីជាន់ខ្ពស់ក្រសួងការពារជាតិដដែលបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសម្រេចបានក្នុងឆ្នាំ២០២២ របស់កីឡាកងយោធពលខេមរភូមិន្ទ ដោយដណ្ដើមបានមេដាយសរុប ២៧៣គ្រឿងទាំងក្នុងព្រឹត្តិការណ៍ជាតិ និងអន្ដរជាតិ បន្ទាប់ពីស្ថានភាពគូវីដ-១៩ ធូរស្រាល។ សមិទ្ធផលនេះសបញ្ជាក់ឲ្យឃើញពីការខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្ម ក្នុងការបំពេញតួនាទីភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវ ដើម្បីសម្រេចបាននូវសមិទ្ធផលលើវិស័យកីឡាក្នុងប្រទេសកម្ពុជា។ ឆ្លៀតឱកាសនោះ ឯកឧត្តមបានអំពាវនាវដល់ថ្នាក់ដឹកនាំ មន្ដ្រី កីឡាករ-កីឡាការិនី នាយទាហាន នាយទាហានរង និងពលទាហានគ្រប់កងឯកភាពក្នុងកងយោធពលខេមរភូមិន្ទ បន្ដចូលរួមអនុវត្តឲ្យមានប្រសិទ្ធភាពនូវការផ្សព្វផ្សាយយុទ្ធនាជាតិស្ដីពី “ប្រជាជនម្នាក់ត្រូវលេងកីឡាមួយមុខប្រចាំជីវិត” និង “រួមគ្នាដើម្បីកម្ពុជាស្អាត បដិសណ្ឋារកិច្ចល្អ” “កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងឥទ្ធិពលគ្រឿងញៀន” និងយុទ្ធនាការ “កីឡារស់ក្នុងសន្ដិភាព”។
ដើម្បីលើកកម្ពស់វិស័យកីឡាកងយោធពលខេមរភូមិន្ទឲ្យកាន់តែរីកចម្រើន ត្រៀមការប្រកួតអន្ដរជាតិនានាពិសេសស៊ីហ្គេមឆ្នាំ២០២៣ ឯកឧត្តមនាយកឧត្តមសេនីយ៍ ឃឹម ប៊ុនសុង បានផ្ដល់នូវអនុសាសន៍ ៦ចំណុចរួមមាន៖
១, ក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ និងកីឡាគ្រប់កងឯកភាពក្នុងកងយោធពលខេមរភូមិន្ទ ត្រូវយកចិត្តទុកដាក់អនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ តាមអនុសាសន៍ណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ថ្លែងក្នុងពិធីបិទព្រឹត្តិការណ៍កីឡាជាតិលើកទី៣ និងកីឡាជាតិជនពិការលើកទី១ កាលពីថ្ងៃទី៣០ ខែវិច្ឆិកាកន្លងទៅនៅពហុកីឡដ្ឋានជាតិមរតកតេជោ។
២, ក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ បន្ដយកចិត្តទុកដាក់សហការឲ្យបានជិតស្និទ្ធជាមួយគណៈកម្មាធិការជាតិ CAMSOC គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធកីឡាជាតិ ដើម្បីរៀបចំផែនការការងារកីឡាឲ្យបានហ្មត់ចត់ និងត្រៀមខ្លួនឲ្យបានគ្រប់ជ្រុងជ្រោយជាស្រេច ដើម្បីធានាបាននូវជោគជ័យខ្ពស់ក្នុងការចូលរួមប្រកួតកីឡាអន្ដរជាតិដ៏ធំ និងជាព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រជាតិនេះ។
៣, អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ បន្ដរៀបចំកសាង និងអនុវត្តផែនការតាមកម្មវិធីដែលបានគ្រោងទុក។ ទន្ទឹមនឹងនេះត្រូវយកចិត្តទុកដាក់បណ្ដុះបណ្ដាល លើកកម្ពស់ សមត្ថភាពធនធានមនុស្ស មន្ដ្រីដឹកនាំគ្រប់គ្រងកីឡា មន្ដ្រីបច្ចេកទេស គ្រូបង្វឹក កីឡាករ-កីឡាការិនីសម្រាប់ឆ្ពោះទៅកាន់ព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ និងការប្រកួតកីឡាជាតិលើកទី៤ នាឆ្នាំ២០២៤ ឲ្យទទួលបានជោគជ័យ ដោយឈរលើស្មារតីរួមគ្នាជាធ្លុងមួយរក្សាឲ្យបាននូវសាមគ្គីភាពផ្ទៃក្នុង ដើម្បីធ្វើឲ្យវិស័យកីឡាកងយោធពលខេមរភូមិន្ទ កាន់តែរីកចម្រើនមួយកម្រិតថែមទៀត។
៤, ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសជាមិត្ត ដើម្បីស្វែងរកការកៀរគរជួយគាំទ្រដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធទាំងផ្នែកទន់ រឹង ជួយឧបករណ៍សម្ភារៈ និងមធ្យោបាយផ្សេងៗ សម្រាប់បម្រើដល់ការហ្វឹកហាត់ និងបញ្ជូនមន្ដ្រី កីឡាករ-កីឡាការិនីទៅហ្វឹកហាត់នៅក្រៅប្រទេស និងត្រៀមទទួលគណៈប្រតិភូបណ្ដាប្រទេសជាមិត្ត អញ្ជើញមកទស្សនកិច្ចនៅជម្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទឲ្យបានល្អ តាមគម្រោងកិច្ចសហប្រតិបត្តិការដែលមានស្រាប់។
៥, បន្ដលើកកម្ពស់សមត្ថភាព នាយទាហាន នាយទាហានរងទទួលបន្ទុកកិច្ចការរដ្ឋបាល ឲ្យកាន់តែប្រសើរឡើងថែមទៀតក្នុងការចរាចរឯកសារ ការរក្សាទុកឯកសារជាប្រវត្តិសាស្ដ្រ វិស័យកីឡាគឺជាការងារអាទិភាពសម្រាប់មនុស្សជំនាន់ក្រោយសិក្សារៀនសូត្រ ដកបទពិសោធន៍ការងារ។ ជាមួយគ្នាត្រូវយកចិត្តទុកដាក់រៀបចំទីកន្លែងបំពេញការងារដ្ឋបាលប្រចាំថ្ងៃ ឲ្យបានស័ក្ដិសមទៅនឹងសមត្ថភាព ស្នាដៃ កេរ្ដិ៍ឈ្មោះ ដែលវិស័យកីឡាកងយោធពលខេមរភូមិន្ទបាននឹងកំពុងវិវត្ដរីកចម្រើនជាបន្ដបន្ទាប់។
៦, ថ្នាក់ដឹកនាំ មន្ដ្រី កីឡាករ-កីឡាការិនី នាយទាហាន នាយទាហានរង និងពលទាហានគ្រប់កងឯកភាពក្នុងកងយោធពលខេមរភូមិន្ទ ត្រូវរៀបចំឲ្យគ្រប់លក្ខណៈសម្បត្តិ ក្នុងនាមម្ចាស់ផ្ទះរង់ចាំទទួលស្វាគមន៍ប្រតិភូកីឡាអាស៊ីអាគ្នេយ៍ និងភ្ញៀវជាតិ អន្ដរជាតិ មកពីគ្រប់ទិសទីជុំវិញពិភពលោក ទទួលនូវស្នាមញញឹម រួសរាយរាក់ទាក់ជាមួយឥរិយាបថស្លូតបូត សុភាពរាបសា ថ្លៃថ្នូររបស់យើង ដែលកំពុងរស់នៅក្នុងសុខសន្ដិភាពពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យ និងចូលរួមរៀបចំតុបតែង សម្អាតអនាម័យ លុបបំបាត់ភាពអសកម្មក្នុងសង្គម ដើម្បីលើកកម្ពស់កិត្តិយស កិត្យានុភាពជាតិ ក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។
គួរដឹងថា ឆ្នាំ២០២២ កីឡាកងយោធពលខេមរភូមិន្ទដណ្ដើមបានមេដាយ ទាំងការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិសរុប រួមមានមេដាយមាស ១២៣គ្រឿង, ប្រាក់ ៧៤គ្រឿង, សំរឹទ្ធ ៧៦គ្រឿង, ខ្សែក្រវាត់ចំនួន ៨ខ្សែ និងពានចំនួន ១០។ នេះបើយោងតាមរបាយការណ៍របស់ឯកឧត្តម តែម ម៉ឺន អគ្គលេខាធិការក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ និងជានាយកមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ៕
អត្ថបទ៖ លី ឈុនឡា