បាល់ទាត់៖ លោក Luis Enrique បានសំរេចចាកចេញពីតំណែងគ្រូបង្វឹកក្រុមជម្រើសជាតិអេស្ប៉ាញហើយ ក្រោយបរាជ័យត្រឹមវគ្គ ១៦ក្រុមចុងក្រោយ World Cup ក្រោមស្នាដៃម៉ារ៉ុក។ បុរសវ័យ ៥២ឆ្នាំរូបនេះបានចូលមកកាន់តំណែងគ្រូបង្វឹកអេស្ប៉ាញកាលពីឆ្នាំ២០១៨ និងដឹកនាំក្រុមឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Euro 2020 ដែលចាញ់អ៊ីតាលីនៅពេលនោះ។

ជាមួយនឹងការចាកចេញពីតំណែងនេះដែរ សហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញក៏បានប្រកាសអ្នកដែលនឹងចូលជំនួសតំណែងនេះដែរគឺលោក Luis de la Fuente ត្រូវឆ្លងកាត់ការសំរេចដោយគណៈកម្មាធិការប្រតិបត្តិនៅថ្ងៃចន្ទដើម សប្តាហ៍ក្រោយ។ អេស្ប៉ាញនៅ World Cup 2022 កាតាបានយកឈ្នះកូស្តារីកាប្រកួតដំបូងក្នុងពូល ៧-០ តែក្រោយមកក៏ស្មើអាល្លឺម៉ង់ ១-១ និងចាញ់ជប៉ុន ២-១ តែបានឡើងវគ្គ ១៦ក្រុមចុងក្រោយត្រឹមជាក្រុមលេខ ២ ក្នុងពូល មុនពេលចាញ់ម៉ារ៉ុកនៅវគ្គ ១៦ក្រុមចុងក្រោយដោយបាល់ ១១ម៉ែត្រកាត់សេចក្តី។

តាំងពីឈ្នះជើងឯក Euro 2008 2012 និង World Cup 2010 អេស្ប៉ាញបានខកខានឈ្នះពានសំខាន់ៗរហូតមកដល់ពេលនេះ។ អាជីពរបស់លោក Luis Enrique ជោគជ័យបំផុតនោះគឺពេលលោកដឹកនាំក្លិបអាជីព Barcelona ចន្លោះឆ្នាំ ២០១៤ ដល់ ២០១៧ ដោយឈ្នះជើងឯក UEFA Champions League ២លើក, La Liga ២លើក, Copa del Rey ៣លើក, Super Cup FIFA Club World Cup និងអេស្ប៉ាញ Super Cup៕
អត្ថបទ៖នាង សុភាវុធ