បាល់ទាត់៖ អ្នកចាត់ការសញ្ជាតិព័រទុយហ្កាល់លោក Jose Mourinho ត្រូវបានបណ្តេញចេញពីតំណែងនៅ Tottenham Hotspur ហើយក្រោយដឹកនាំបានតែ ១៧ខែប៉ុណ្ណោះ។ បុរសសញ្ជាតិព័រទុយហ្កាល់រូបនេះបានមកបន្តតំណែងពីលោក Mauricio Pochettino កាលពីខែវិច្ឆិកាឆ្នាំ២០១៩ និងបានដឹកនាំ Spurs បានលេខ៦ រដូវកាលមុន។

បច្ចុប្បន្ន Spurs កំពុងឈរលេខ៧ នៅ Premier League បន្ទាប់ពីរកបានតែ ២ពិន្ទុប៉ុណ្ណោះពី ៣ប្រកួតចុងក្រោយ បូករួមទាំងធ្លាក់ចេញពី UEFA Europa League ផងដែរកាលពីខែមុន។ Spurs នឹងត្រូវជួបជាមួយ Manchester City នៅវគ្គផ្តាច់ព្រ័ត្រ Carabao Cup នៅថ្ងៃទី២៥ ខាងមុខដោយមិនមានអ្នកចាត់ការនៅឡើយ។ កាលពីថ្ងៃអាទិត្យ Spurs បានប្រកាសខ្លួនជាក្លិបទី៦ នៅ Premier League ដែលនឹងចូលរួមការប្រកួត European Super League តែការបណ្តេញចេញពីលោក Jose Mourinho ត្រូវបានគេចុះផ្សាយថា មិនពាក់ព័ន្ធនឹងរឿងនេះឡើយ។ អតីតខ្សែបំរើ Spurs, Ryan Mason ដែលគ្រូក្រុមយុវជនថ្នាលនឹងឡើងមកដឹកនាំក្រុមបណ្តោះអាសន្ន។ រំលឹកថា Jose Mourinho ដែលមានបទពិសោធន៍ដឹកនាំក្លិបធំៗនៅអឺរ៉ុបជាច្រើននោះ បានរងបរាជ័យ ១០ប្រកួតក្នុងលីគជាលើកដំបូងក្នុងអាជីព៕
អត្ថបទ៖នាង សុភាវុធ