បាល់ទាត់៖ ខ្សែប្រយុទ្ធស្លាប Chelsea, Raheem Sterling នឹងហោះហើរពីទីក្រុងឡុងដ៍ត្រលប់ទៅកាតាវិញ ដើម្បីជួយក្រុមជម្រើសជាតិអង់គ្លេសសម្រាប់ការប្រកួតវគ្គ ៨ក្រុមចុងក្រោយ World Cup ទល់នឹងបារាំងស្អែកនេះ។

កីឡាករវ័យ ២៨ឆ្នាំរូបនេះបានចាកចេញពីកាតា ទៅកាន់ទីក្រុងឡុងដ៍ចក្រភពអង់គ្លេសកាលពីថ្ងៃអាទិត្យ បន្ទាប់ពីមានដំណឹងថា មានជនដៃដល់វាយប្រហារចូលក្នុងផ្ទះប៉ុនប៉ងប្លន់យកទ្រព្យសម្បត្តិ។ ការចាកចេញរបស់ Sterling គឺដោយសារក្តីបារម្ភពីសុវត្ថិភាពរបស់ក្រុមគ្រួសារ ជាពិសេសគឺកូនចំនួនបីនាក់ក្នុងបន្ទុក។ Sterling បានអវត្តមានពីការប្រកួតរបស់អង់គ្លេសដែលយកឈ្នះសេណេហ្កាល់ ៣-០ នៅវគ្គ ១៦ក្រុមចុងក្រោយ។ អតីតខ្សែប្រយុទ្ធ Manchester City និង Liverpool រូបនេះក៏បានស៊ុតបញ្ចូលទីមួយគ្រាប់ផងដែរនៅ World Cup នេះពេលអង់គ្លេសយកឈ្នះអ៊ីរ៉ង់ ៦-២ នៅក្នុងពូល៕
អត្ថបទ៖នាង សុភាវុធ