ភ្នំពេញ៖ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា រំពឹងថា តម្លៃជ្រូករស់នឹងងើបឡើងវិញ នៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ ខណៈក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតជាគោលការណ៍ ឱ្យនាំចេញជ្រូករស់ទៅក្រៅប្រទេស។
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា លើកឡើង នៅថ្ងៃទី ៩ ខែ ធ្នូ ឆ្នាំ ២០២២ នេះថា នាពេលកន្លងមក ការផ្គត់ផ្គង់ជ្រូករស់លើទីផ្សារក្នុងស្រុក មានចំនួនច្រើន បានកកស្ទុះ និងស្របពេលមានការនាំចូលសាច់បង្កកមកពីប្រទេសជិតខាង ធ្វើឲ្យតម្លៃជ្រូករស់កាន់តែធ្លាក់ចុះ ដោយមានតម្លៃទាបជាង ៨០០០រៀល ក្នុងមួយគីឡូក្រាម។
លោក បន្តថា បច្ចុប្បន្នដោយមានការអន្តរាគមន៍ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សព្វថ្ងៃនេះ កម្ពុជាបានកំពុងធ្វើការនាំចេញជ្រូករស់ទៅប្រទេសវៀតណាម ក្នុងមួយថ្ងៃៗរាប់រយក្បាល ដែលជួយឱ្យតម្លៃជ្រូកក្នុងស្រុកងើបឡើងវិញ ។
ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកឡើងថា បច្ចុប្បន្នក្រសួងសង្កេតឃើញថា ទីផ្សារជ្រូករស់នៅក្រៅប្រទេសមានតម្លៃខ្ពស់ ក្នុងនោះស្របពេលទីផ្សារចិញ្ចឹមជ្រូកនៅកម្ពុជាមានចំនួនច្រើន ជំរុញឲ្យមានការនាំចេញទៅកាន់ប្រទេសជិតខាង គឺដើម្បីបើកទីផ្សារនេះជួយដល់កសិករ មានទីផ្សារបន្ថែម ។
ឯកឧត្តម បន្តថា រាជរដ្ឋាភិបាលបានគិតគូរណាស់ និងបានជំរុញឲ្យមានការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន និងជាមួយកូរ៉េ ដែលនឹងចូលជាធរមានក្នុងពេលឆាប់ៗ គឺដើម្បីជំរុញដល់ការនាំចេញ ប៉ុន្តែកត្តាទាំងនោះ ត្រូវដោះស្រាយនូវរបាំងបច្ចេកទេស ពោលគឺទាមទារផលិតមានស្តង់ដារខ្ពស់ និងមានតម្លៃប្រកួតប្រជែង ទើបអាចឈានចូលទីផ្សារគេបាន។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីពេលថ្មីៗនេះ បានសម្រេចអនុញ្ញាតជាគោលការណ៍ឱ្យក្រុមហ៊ុនអង្គរ សុខសែនជ័យ ឯ.ក ប្រមូលទិញសត្វជ្រូករស់តាមបណ្តារាជធានី-ខេត្ត ក្នុងព្រះរាជាណាចក្រកម្ពុជា ចំនួន ២០ម៉ឺនក្បាល ដើម្បីនាំចេញទៅផ្គត់ផ្គង់ទីផ្សារប្រទេសវៀតណាម ថៃ និងប្រទេសចិន សម្រាប់រយៈពេល ៣ខែ ចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ដល់ថ្ងៃទី២០ខែកុម្ភៈ ឆ្នាំ២០២៣ ៕អត្ថបទ៖ សុន រ៉ាឌី

