បាល់ទាត់៖ Louis van Gaal គឺជាគ្រូបង្វឹកបាល់ទាត់ដែលមានភាពជោគជ័យម្នាក់ តែការលំបាកបំផុតក្នុងជីវិតរបស់លោកគឺនៅក្រៅទីលានទៅវិញទេ ដោយលោកត្រូវតតាំងជាមួយជំងឺមហារីកតាំងពីរយៈពេលជិត ២ឆ្នាំមុន។

អ្នកចាត់ការក្រុមជម្រើសជាតិហូឡង់រូបនេះបានបង្ហើបកាលពីខែមេសាថា គាត់មានទម្រង់ធ្ងន់ធ្ងរនៃជំងឺមហារីកក្រពេញប្រូស្តាត ដែលគាត់បានលាក់បាំងពីកីឡាកររបស់គាត់ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាការផ្តោតអារម្មណ៍របស់ពួកគេ មុនពេលការប្រកួតបាល់ទាត់ពិភពលោក។ លោក Van Gaal បានបាត់បង់ភរិយាដំបូងរបស់គាត់ឈ្មោះ Fernanda ដោយសារជំងឺមហារីកក្នុងឆ្នាំ១៩៩៤ នៅពេលមានអាយុ ៣៩ឆ្នាំ ហើយតាំងពីពេលនោះលោក Van Gaal តែងតែធ្វើអ្វីដើម្បីភាពជោគជ័យ ក្នុងការឧទ្ទិសទៅកាន់ភរិយារបស់លោកដែលបានចែកឋានទៅ ជាពិសេសគឺការផ្តោតអារម្មណ៍ចំពោះការប្រកួតទល់នឹងអាហ្សង់ទីនយប់នេះនៅវគ្គ ៨ក្រុមចុងក្រោយ។ លោក Louis van Gaal ត្រូវបានគេស្គាល់ថា ជាគ្រូបង្វឹកដែលមានភាពម៉ឺតម៉ាត់ តឹងរ៉ឹងក្នុងការដឹកនាំរបស់លោក ដែលធ្វើឱ្យកីឡាករក្នុងក្រុម ត្រូវម៉ត់ចត់ត្រង់ត្រាប់គោរពវិន័យជាកំហិត។
ថ្វីបើអត្តចរិតម៉ឺងម៉ាត់តឹងរ៉ឹងបែបនេះមែន កីឡាករក្នុងក្រុមជម្រើសជាតិហូឡង់គ្រប់គ្នាសុទ្ធតែស្រលាញ់ និងចូលចិត្តលោក Van Gaal ជាក់ស្តែងដូចជាការលើកឡើងរបស់ Memphis Depay និង Daley Blind នៅក្នុងសន្និសីទសារព័ត៌មានជាដើម។ លោក Van Gaal ធ្លាប់ឈ្នះជើងឯកសរុប ២០ ក្នុងអាជីពរបស់ខ្លួនដោយបានឆ្លងការដឹកនាំក្លិបអាជីពដូចជា Barcelona Bayern Munich និង Manchester United និងក្រុមជម្រើសជាតិហូឡង់បីលើក។ ក្នុងវ័យ ៧១ឆ្នាំលោក Louis van Gaal គឺជាអ្នកចាត់ការវ័យចំណាស់បំផុតទី៣ ដែលដឹកនាំក្រុមនៅ World Cup។ សូមបញ្ជាក់ថា លោក Louis van Gaal មិនថា ក្នុងលទ្ធផលបែបណាលោក Louis van Gaal នឹងចាកចេញពីក្រុមជម្រើសជាតិហូឡង់ក្រោយចប់ World Cup ដោយលោក Ronald Koeman នឹងចូលមកដឹកនាំបន្តសម្រាប់វគ្គជម្រុះ Euro 2024៕
អត្ថបទ៖នាង សុភាវុធ