ភ្នំពេញ៖ បន្ទាប់ពី អង្ករ ពូជផ្ការំដួលរបស់កម្ពុជា ទទួលបានជ័យលាភីលេខ១ ល្អដាច់គេលើពិភពលោកប្រចាំឆ្នាំ២០២២ កាលពីពេលកន្លងទៅថ្មីៗ នៅពេលនេះ សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ពីមូលហេតុសំខាន់ៗមួយចំនួនជុំវិញ អង្ករ ពូជផ្ការំដួលរបស់កម្ពុជា ទទួលបានជ័យលាភីលេខ១ ល្អដាច់គេលើពិភពលោកប្រចាំឆ្នាំ២០២២ហើយ។
ផ្តល់កិច្ចសម្ភាសន៍ឱ្យទូរទស្សន៍បាយ័ន លោក ឡាយ ឈុនហួ អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានប្រាប់ថា មូលហេតុដែលអង្ករ ពូជផ្ការំដួលរបស់កម្ពុជា ទទួលបានជ័យលាបភីលេខ១ ល្អដាច់គេលើពិភពលោកប្រចាំឆ្នាំ២០២២ ជម្រើសទី១កើតចេញពីការខិតខំរបស់ប្រជាកសិករ ហើយនៅពេលដាក់ប្រកួតប្រជែងជាក់ស្តែង គឺគណៈកម្មការផ្តល់ពិន្ទុ បានពិនិត្យឃើញថា អង្ករផ្ការំដួលកម្ពុជាមានរូបសម្បត្តិនៃអង្ករល្អ មានប្រវែងគ្រាប់អង្ករល្អស្មើគ្នា, ពណ៌សភ្លឺរលោងស្អាត, មានការតុបតែងវេចខ្ចប់អង្ករមាន លក្ខណៈទាក់ទាញ ប្រៀបដូចគ្រាប់ពេជ្រ ហើយនៅពេលអង្ករនេះត្រូវបានចម្អិនឱ្យឆ្អិន គឺបាយមានភាពទន់ល្អ, ក្លិនក្រអូបប្រហើរ និងមានឱជារស់ឆ្ងាញ់។ ការវាយតម្លៃនេះត្រូវឆ្លងកាត់គណៈកម្មការជំនាញដែលមកពីសហរដ្ឋអាមេរិក បូករួមនឹងអ្នកជំនាញចុងភៅផ្នែកអង្ករពិភពលោក។
លោកបន្តថា តាមរយៈភាពល្បីល្បាញនេះ នឹងធ្វើឱ្យអង្ករកម្ពុជា កាន់តែមានទីផ្សារ ឆ្ពោះទៅកាន់ទីផ្សារជុំវិញពិភពលោកបន្ថែមទៀតជាក់ជាពុំខាន។
សូមបញ្ជាក់ថា ការប្រកួតប្រជែងនេះ បានធ្វើនៅប្រទេសថៃ កាលពីថ្ងៃទី១៦.ទី១៧ ខែវិច្ឆិកាកន្លងទៅថ្មីៗ ដោយប្រកួតជុំដំបូងមាន៤៥ សំណាកអង្ករ បានមកពីប្រទេសចំនួន៨ ហើយនៅជុំទី២ ក្រោយជំរុះចេញ៤ប្រទេស និងត្រូវជាប់៤ប្រទេស ក្នុងនោះរួមមាន កម្ពុជា វៀតណាម ថៃ និងឡាវ ហើយជុំទី៣ ផ្ដាច់ព្រ័ត្រ កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ និងថៃជាប់លេខ២។
សូមបញ្ជាក់ដែរថា សម្រាប់ការទទួលបានចំណាត់ថ្នាក់នេះ កម្ពុជាធ្លាប់ជាប់ចំណាត់ថ្នាក់ចំនួន៥ដងមកហើយក្នុងប្រវត្តិ នៃការរៀបចំប្រកួតចំនួន១៤ដង ដោយលើកទី១ កម្ពុជាទទួលបាននៅឆ្នាំ២០១២, លើកទី២ ឆ្នាំ២០១៣ លើកទី៣ ឆ្នាំ២០១៤ លើកទី៤ ឆ្នាំ២០១៨ និងលើកទី៥ឆ្នាំ២០២២៕ ផលិត៖ គង់ រ៉េន