ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសនៅព្រឹកថ្ងៃនេះថា ពលរដ្ឋខ្មែរ ៤នាក់ទៀត បានស្លាប់ដោយសារជំងឺកូវីដ១៩នៅថ្ងៃម្សិលមិញនេះ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបឡើងដល់ ៤៩នាក់។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅព្រឹកនេះ ក្រសួងសុខាភិបាលនិយាយថា បុរសជនជាតិខ្មែរម្នាក់អាយុ ៦៥ឆ្នាំ ដែលរស់នៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានស្លាប់នៅព្រឹកថ្ងៃម្សិលមិញនេះនៅឯមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
បើតាមក្រសួងសុខាភិបាល បុរសរូបនេះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលកាលពីថ្ងៃទី២៤ ខែមីនាកន្លងមកនេះ បន្ទាប់ពីត្រូវបានរកឃើញឆ្លងមេរោគកូវីដ១៩។
ក្រសួងបញ្ជាក់ថា បុរសរូបនេះស្លាប់បាត់បង់ជីវិត បន្ទាប់ពីរលាកសួតធ្ងន់ធ្ងរដែលបង្កឡើងដោយមេរោគកូវីដ១៩ ខណៈរូបគាត់មានជំងឺទឹកនោមផ្អែមប្រចាំកាយផងដែរ។
ចំណែកឯបុរសខ្មែរម្នាក់ទៀតអាយុ ៧២ឆ្នាំ ដែលរស់នៅក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ ក្រសួងសុខាភិបាលនិយាយថា បានស្លាប់នៅឯមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតផងដែរកាលពីរសៀលថ្ងៃម្សិលមិញនេះ។
ក្រសួងបញ្ជាក់ថា បុរសរូបនេះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យកាលពីថ្ងៃទី០៩ ខែមេសា បន្ទាប់ពីគាត់ត្រូវបានរកឃើញឆ្លងមេរោគកូវីដ១៩។
បើតាមក្រសួងសុខាភិបាល បុរសវ័យ៧២ឆ្នាំរូបនេះ បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីរលាកសួតធ្ងន់ធ្ងរដែលបង្កឡើងដោយមេរោគកូវីដ១៩ បន្ថែមទៅលើជំងឺប្រចាំកាយរបស់គាត់ផងដែរ។
ក្រសួងសុខាភិបាលបានឱ្យដឹងទៀតថា ស្ត្រីខ្មែរម្នាក់ទៀតអាយុ ៤០ឆ្នាំ ដែលរស់នៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ក៏បានស្លាប់បាត់បង់ជីវិតកាលពីថ្ងៃម្សិលមិញដែរនៅឯមណ្ឌលសុខភាពចាក់អង្រែ ៤ថ្ងៃប៉ុណ្ណោះក្រោយពីគាត់ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់ពីត្រូវបានរកឃើញឆ្លងមេរោគកូវីដ១៩។
ក្រសួងបញ្ជាក់ថា ស្ត្រីរូបនេះបានស្លាប់បាត់បង់ជីវិត បន្ទាប់ពីរលាកសួតទាំងសងខាងធ្ងន់ធ្ងរ ដែលបង្កឡើងដោយមេរោគកូវីដ១៩។
នៅឯខេត្តព្រះសីហនុឯណោះវិញ ក្រសួងសុខភិបាលបញ្ជាក់ថា មានស្ត្រីខ្មែរម្នាក់ទៀតអាយុ ៤៨ឆ្នាំ ក៏បានស្លាប់ដោយសារជំងឺកូវីដ១៩ផងដែរនៅឯមន្ទីរពេទ្យបង្អែកខេត្តនេះកាលពីរសៀលថ្ងៃម្សិលមិញនេះ។
បើតាមក្រសួងសុខាភិបាល ស្ត្រីរូបនេះបានស្លាប់តែ ១ថ្ងៃប៉ុណ្ណោះក្រោយពីគាត់ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់ពីត្រូវបានរកឃើញឆ្លងមេរោគកូវីដ១៩។
ក្រសួងសុខាភិបាលបញ្ជាក់ថា ស្ត្រីរូបនេះស្លាប់បាត់បង់ជីវិត បន្ទាប់ពីរលាកសួតធ្ងន់ធ្ងរ ដែលបង្កឡើងដោយមេរោគកូវីដ១៩។
គិតត្រឹមថ្ងៃនេះ តួលេខផ្លូវការចេញដោយក្រសួងសុខាភិបាល បង្ហាញថា មនុស្ស ៤៩នាក់ហើយបានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ១៩នៅក្នុងរយៈ ៣៧ថ្ងៃចុងក្រោយ បន្ទាប់ពីករណីស្លាប់ដំបូងកាលពីថ្ងៃទី១១ ខែមីនាកន្លងមកនេះ៕

