ព្រះសីហនុ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី៩ ខែធ្នូនេះ បានប្រារព្ធពិធីបញ្ចុះបឋមសីលា សាងសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍ថ្មីដំបូង នៅខេត្តព្រះសីហនុ ដើម្បីជំរុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងការធានាផ្តល់សេវាល្អ និងគុណភាព ក្នុងវិស័យទេសចរណ៍នៅកម្ពុជា។
ឯកឧត្តម ឆាយ ឃុនឡុង នាយកសាលាជាតិវិជ្ជាជីវៈទេសចរណ៍ ថ្លែងថា ការបើកការដ្ឋានសាងសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ត្រូវបានប្រារព្ធ រួមគ្នារួចហើយ ជាមួយនឹងការបើកការដ្ឋានសាងសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍នៅរាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ ក្រោមអធិបតីភាពឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបណីយកម្ម និងសំណង់ នៅរាជធានីភ្នំពេញ ក្នុងទំហំថវិកាសាងសង់ ប្រមាណ ១២លានដុល្លាអាមេរិក ដោយក្នុងនោះសាលាជាតិវិជ្ជាជីវៈទេសចរណ៍ខេត្តព្រះសីហនុ គ្រោងសាងសង់ក្នុងទំហំថវិកាប្រមាណជាង៣លានដុល្លាអាមេរិក។
ឯកឧត្តម ឆាយ ឃុនឡុង ថ្លែងថា នេះជាលើកដំបូងហើយ ដែលរាជរដ្ឋាភិបាលកម្ពុជា បានបង្កើតឲ្យមានសាលាជាតិវិជ្ជាជីវៈទេសចរណ៍នៅខេត្តព្រះសីហនុ និងនៅរាជធានីភ្នំពេញ ដើម្បីជម្រុញកូនខ្មែរដែលមានកម្រិតសិក្សាចាប់ពីថ្នាក់ទី៩ឡើងទៅ អាចចូលរៀន បង្កើតជំនាញផ្ទាល់ខ្លួន ដើម្បីរកការងារនិងបង្កើតមុខរបរករចំណូល ក្នុងវិស័យទេសចរណ៍ ដែលមានការធនាផ្តល់សេវាកម្ម គុណភាព អនាម័យនិងភាពទាក់ទាញ។
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្លែងបញ្ជាក់ថា សាលាជាតិវិជ្ជាជីវៈទេសចរណ៍សង់ នឹងផ្តល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ចំនួន ០៤ផ្នែក សំខាន់ៗរួមមាន៖ (១)ជំនាញផ្នែកសេវាកម្មសណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ (២)ផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ (៣)ផ្នែកសេវាកម្មធ្វើដំណើរ និង(៤)ផ្នែកសេវាកម្មទេសចរណ៍ និងផ្តល់កម្រិតគុណវុឌ្ឍវិជ្ជាជីវៈចាប់ពីវិញ្ញាបនបត្រកម្រិត១ ទៅកម្រិត៣ រៀនរយៈពេល១ឆ្នាំ និងឌីប្លូមកម្រិតខ្ពស់រៀនរយៈពេល២ឆ្នាំ ហើយសាលានេះក៏ជាមជ្ឈមណ្ឌលវាយតម្លៃស្របតាមស្តង់ដាជាតិ និងអាស៊ាន៕ អត្ថបទ ស៊ុម សុខជា