ព្រះសីហនុ៖ ព្រឹត្តិការណ៍តាំងពិរព័ណ៍ផលិតផល និងសេវាកម្ម ដែលមានស្តង់តាំងទំនិញប្រមាណ ៣៥០ស្តង់ នៅក្នុងព្រឹត្តិការណ៍បុណ្យសមុទ្រនៅខេត្តព្រះសីហនុ បានចាប់ផ្តើមដំណើរការ នៅថ្ងៃទី៩ ខែធ្នូនេះ ក្នុងនោះទំនិញភូមិមួយផលិតផលមួយ ដែលផលិតដោយស្នាដៃកូនខ្មែរ ក៏បានចាប់ផ្តើមដំណើរការ ហើយគេរំពឹងថា នឹងមានភ្ញៀវបរទេសទិញ ដើម្បីនាំយកទៅលក់បន្តនៅក្រៅប្រទេសកាន់តែច្រើនឡើងវិញ។
អគ្គលេខាធិការរង គណៈកម្មាធិការជាតិជំរុញ ចលនា ភូមិមួយផលិតផលមួយ នៃទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម សួង ណយ បានថ្លែងប្រាប់BTV នៅថ្ងៃទី៩ ខែធ្នូនេះថា នៅក្នុងព្រឹត្តិការណ៍បុណ្យសមុទ្រ ដែលបានចាប់ផ្តើមនៅថ្ងៃនេះ គឺមានស្តង់តាំងបង្ហាញទំនិញ សេវាកម្ម សមិទ្ធផលនានាជាតិអន្តរជាតិ ប្រមាណជាង៣៥០ស្តង់ ក្នុងនៅ មានស្តង់ចំនួន២០០ស្តង់ ជាស្តង់របស់ភូមិមួយផលិតមួយ ដែលមានតាំងបង្ហាញទំនិញ និងសេវាកម្មដែលផលិតដោយស្នាដៃកូនខ្មែរ មកពី២៥រាជធានីខេត្តក្រុង។
បណ្តាតំណាងសិប្បកម្ម បានថ្លែងថា តាមរយៈពេលតាំងពិព័រណ៍បុណ្យសមុទ្រនេះ គេរំពឹងថា គ្រប់ផលិតផល និងសេវាកម្ម នៅក្នុងអំឡុងពេលនេះ នឹងទទួលបានការគាំទ្រពីភ្ញៀវបរទេសជាតិអន្តរជាតិ ជាពិសេស ជំរុញការនាំចេញ ផលិតផលទាំងនោះទៅលក់នៅក្រៅប្រទេសឡើងវិញ ក្រោយបរិបទ កូវីដ១៩បានធូរស្រាល។
សូមបញ្ជាក់ថា បុណ្យសមុទ្រនៅខេត្តព្រះសីហនុ មានស្តង់តាំងពិព័រណ៍ជាង៣៥០ស្តង់ រួមមានស្តង់តាមក្រសួងស្ថានប័ន ស្តង់ក្លឹបឆ្នេរស្អាត ស្តង់ផលិតផលក្នុងស្រុក ស្តង់ស្ថានទូតបរទេស ស្តង់បង្ហាញភូមិម្ហូបអាហារ ស្តង់មហាវីថីអាហារខ្មែរ ស្តង់សហគ្រាស សំភារៈគ្រឿចក្រ សំលៀកបំពាក់ គ្រឿងអេឡិចត្រូនិចជាច្រើនទៀត អមដោយព្រឹត្តិការណ៍បាញ់កាំជ្រួច ប្រគំដន្ត្រីខ្នាតធំ ប្រកួតកីឡា៦ប្រភេទកីឡា និងមានកម្មវិធីកម្សាន្តសប្បាយតូចៗជាច្រើនទៀត ៕អត្ថបទ ស៊ុម សុខជា